មន្ទីរបញ្ចកោណ៖ យន្តហោះរុស្ស៉ីហោះស្ទាក់យន្តហោះអាមេរិក នៅលើដែនសមុទ្រមេឌីទែរ៉ាណេ
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណកាលពីថ្ងៃពុធនេះបញ្ជាក់ថា យន្តហោះកងទ័ពជើងទឹកអាមេរិកត្រូវបានយន្តហោះយោធារុស្ស៊ីហោះស្ទាក់នៅក្នុងស្ថានភាពដែលគ្មានភាពទទួលខុសត្រូវនៅលើដែនសមុទ្រមេឌីទែរ៉ាណេ។ យន្តហោះយោធាអាមេរិកបីគ្រឿងជាប្រភេទយន្តហោះល្បាត P-8A និងយន្តហោះឈ្លបយកការណ៍ត្រូវបានយន្តហោះយោធារុស្ស៊ីហោះស្ទាក់ និងប្រដេញ នៅក្នុងដែនអាកាសអន្តរជាតិពីលើដែន សមុទ្រ មេឌីទែរ៉ាណេ។
ហេតុការណ៍រសើបចុងក្រោយនេះបានកើតមានឡើង ចំពេល លោកខាងលិច និងរុស្ស៊ីកំពុងមានភាពតានតឹងខ្លាំង ជុំវិញ លទ្ធភាពនៃការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ កាពីតែនកងទ័ពជើងទឹកអាមេរិកលោក ម៉ៃក៍ កាហ្វកា បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ថា ទោះបីជាគ្មាននរណាម្នាក់បានរង របួសនៅក្នុងហេតុការណ៍នោះក្តី ក៏ការបង្កហេតុបែបនេះ អាច ឈាន ទៅរកការយល់ច្រឡំ ឬគណនាខុស ដែលនាំឱ្យមាន លទ្ធផល ដ៏គ្រោះថ្នាក់។
បន្ថែមលើនេះ លោក កាហ្វកា បានអះអាងថា សហរដ្ឋអាមេរិក តែងតែធ្វើសកម្មភាពនានា ស្របទៅនឹងច្បាប់អន្តរជាតិ ហើយខ្លួន ក៏សង្ឃឹមថា រុស្ស៊ីនឹងប្រព្រឹត្តដូចគ្នានេះដែរ៕ ប្រភព៖ CNA ប្រែសម្រួលដោយៈ ឈឹម ទីណា






