សិក្ខាកាមចំនួន ១០៣នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាសឆ្នាំ២០២១ របស់បញ្ជាការដ្ឋានការពារអាកាស ប្រកបដោយជោគជ័យ

ភ្នំពេញ ៖ សិក្ខាកាមចំនួន ១០៣នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាសឆ្នាំ២០២១ របស់បញ្ជាការដ្ឋានការពារអាកាស ប្រកបដោយជោគជ័យ បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហ្វឺនអស់រយៈពេល ៣ខែកន្លងមក ។ នេះបើយោងតាម របាយការណ៍របស់ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដែលបានលើកឡើង ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាសឆ្នាំ២០២១ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរងកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅមូលដ្ឋានកងការពារអាកាសស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានឲ្យដឹងទៀតថា បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានដំណើរការបើក និងបិទវគ្គបានចំនួន ៥៣វគ្គ មានសិក្ខាកាម ៤៩៨៣នាក់ រួមមាន នៅបញ្ជាការដ្ឋានការពារអាកាសចំនួន ២២វគ្គ,តាមយោធភូមិភាគចំនួន ២២វគ្គ, កងពលចំនួន ០៣វគ្គ បញ្ជាការដ្ឋានកងរាជងាវុធលើផ្ទៃប្រទេសចំនួន ០៥វគ្គ ។ ចំពោះវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាសឆ្នាំ២០២១ ដែលបានប្រារព្ធបិទនាពេលនេះ បានដំណើរការបើករយៈពេល ០៣ខែ មានសិក្ខាកាមចំនួន ១០៣នាក់ គណៈគ្រប់គ្រងវគ្គ និងគ្រូយោធាចារ្យចំនួន ១០នាក់ ។ ក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមទទួលបាននិទ្ទេសល្អប្រសើរចំនួន ៣៧នាក់ និទ្ទេសល្អបង្គួរ ៥០នាក់ និងនិទ្ទេសមធ្យមចំនួន ១៦នាក់ ។

ជំនួសមុខឲ្យមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហេង ហុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់ប្រកបដោយកិច្ចសហការរបស់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានការពារអាកាស ព្រមទាំងសិក្ខាកាម គ្រូយោធាចារ្យ ស្ថាប័ន គាគីពាក់ព័ន្ធទាំងអស់ បានធ្វើឲ្យវគ្គហ្វឹកហ្វឺននេះបានបញ្ចប់តាមផែនការកំណត់ និងប្រកបដោយជោគជ័យ ។

ឯកឧត្តមមេបញ្ចាការរង បានគូសបញ្ជាក់ថាជំនាញការពារអាកាសជាជំនាញមួយមានសារសំខាន់មិនអាចខ្វះបាននៅក្នុងចំណោមជំនាញដ៏ទៃទៀត ហើយជំនាញនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកម្ទេចគោលដៅសត្រូវទាំងនៅលើផ្ទៃអាកាស ផ្ទៃដី និងផ្ទៃទឹក និងមានភារកិច្ចការពារដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា និងទីតាំងមួយចំនួនទៀត ។

ឧត្តមសេនីយ៍ឯក ហេង ហុង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវលើកកំពស់ស្មារតីស្នេហាជាតិ និងគោរពឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន ត្រូវគ្រប់គ្រងសម្ភារៈ បរិក្ខា គ្រឿងបំពាក់អោយបានល្អ និងសុវត្ថិភាព ។ ត្រូវគោរពច្បាប់វិន័យ បទបញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវមានអត្តចរិកសីលធមថ្លៃថ្នូរ បន្តហ្វឹកហ្វឺនយុទ្ធវិធីបច្ចេកទេសគ្រប់ប្រភេទ ខិតខំសិក្សាស្រាវជ្រាវឯកសារបន្ថែមឲ្យស្របទៅនឹងសម័យបច្ចេកវិទ្យាទំនើបរបស់ពិភពលោក ។ ត្រូវយកចិត្តទុកដាក់អប់រំចិត្តសាស្ត្រដល់កម្លាំងជាប្រចាំ និងខិតខំដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វលើកស្តួយជីវភាពដល់អង្គភាព មានសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច និងជាមួយអជ្ញាធរជាប្រចាំដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គម ចូលរួមការពារ ថែរក្សាអនាម័យ ថែទាំសុខភាពជាប្រចាំ និងចូលរួមទប់ស្កាត់ជម្ងឺកូវីដ ១៩ និងគោរពប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជា ៣កុំ ៣ការពារឲ្យបានដាច់ខាត ។

នៅក្នុងឱកាសនោះដែរ អធិបតីក៍បានទស្សនាការសំដែងយុទ្ធវិធីវាយខ្មាំងលើផ្ទៃអាកាសរបស់កងអនុសេនាធំកាំភ្លើង ៣៧មីលីម៉ែត្រ និងអញ្ជើញកាត់ខ្សែរបូរសម្ពោធអាហារដ្ឋាន បញ្ជាការដ្ឋានការពារអាកាសផងដែរ ៕ ប្រភព ៖ កងទ័ព

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner