ចិនបង្ហាញភាពស្និទ្ធស្នាលនឹងយោធាមីយ៉ាន់ម៉ា តាមរយៈគោលបំណងស្ដារគម្រោងហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលចិនបង្ហាញពីកាយវិការជិតស្និទ្ធជាមួយនឹងយោធាមីយ៉ាន់ម៉ា ស្របពេលដែលអ្នកតាមដាននយោបាយមួយចំនួនយល់ថា មហាអំណាចកំពុងតែរះឡើងនៃអាស៊ីមួយនេះមានគោលបំណងស្ដារគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសដែលកំពុងមានវិបត្តិនេះ។

កាយវិការជិតស្និទ្ធទាំងនេះត្រូវបានរំលេចឡើងតាមរយៈសកម្មភាពនៃការប្រាស្រ័យទាក់ទងនានារវាងចិន និងរដ្ឋការយោធាមីយ៉ាន់ម៉ាចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ទំនាក់ទំនងតាមព្រំដែន។
ការប្រាស្រ័យទាក់ទង ដែលគួរជាទីចាប់អារម្មណ៍ជាងគេគឺ ចិនបានផ្ដល់នាវាមុជទឹកប្រភេទ Ming-class កាលពីខែធ្នូកន្លងទៅ។ នាវានេះក្រោយមកត្រូវបានប្ដូរឈ្មោះមក UMS Minye Kyaw Htin ហើយគេសង្កេតឃើញថា លោក មីន អ៊ុងឡាំង ធ្វើជាអធិបតីដោយផ្ទាល់ ក្នុងពិធីទទួលនាវាមុជទឹកនេះ។
មីយ៉ាន់ម៉ាជាប្រទេសទីមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបាននាវាមុជទឹកផលិតនៅក្នុងស្រុកចិន។
នេះមិនមែនជារឿងធម្មតានៃទំនាក់ទំនងរវាងយោធាចិន និងយោធាមីយ៉ាន់ម៉ានោះទេ ដោយហេតុថា កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តនូវសេចក្ដីសម្រេចមួយ ដោយអំពាវនាវកុំឱ្យប្រទេសនានាជុំវិញពិភពលោកផ្ទេរអាវុធ ឬ បរិក្ខារយោធាណាមួយទៅកាន់មីយ៉ាន់ម៉ា។
សេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិមិនមានទម្ងន់ផ្លូវច្បាប់នោះទេ ពោលគឺរដ្ឋសមាជិកចង់អនុវត្តក៏បាន មិនចង់ក៏បាន។ នៅពេលនោះដែរ ចិនបានបោះឆ្នោតអនុប្បវាទជាមួយនឹងប្រទេសជាង ៣០ទៀត ដែលរាប់បញ្ចូលទាំងរុស្ស៊ី ក៏ដូចជាប្រទេសអាស៊ានចំនួន ៤ទៀតរួមមាន ប្រ៊ុយណេ កម្ពុជា ឡាវ និងថៃ។
ក្រៅពីផ្ដល់នាវាមុជទឹក គេសង្កេតឃើញថា ចិនបានទាក់ទងសហការជាមួយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ដើម្បីបើកផ្លូវធ្វើពាណិជ្ជកម្ម ដោយតភ្ជាប់ពីស្រុកចិន និងចាក់រហូតទៅដល់មហាសមុទ្រឥណ្ឌា ដែលនៅភាគខាងត្បូងមីយ៉ាន់ម៉ា។
បន្ថែមពីនេះ សារព័ត៌មានជប៉ុននីកេ បានចុះផ្សាយថា ក្រុមហ៊ុនវិនិយោគរដ្ឋចិន CITIC បានជួលក្រុមហ៊ុនមួយនៅទីក្រុងយ៉ាំងហ្គន ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យមើលពីផលប៉ះពាល់បរិស្ថាន និងសង្គមសម្រាប់គម្រោងកំពង់ផែទឹកជ្រៅ Kyaukphyu ដែលជាគម្រោងសំខាន់មួយនៅក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់លោក ស៊ី ជីនភីង។
ភាពស្និទ្ធស្នាលជាមួយយោធានេះដែរ បង្កឱ្យមានការយល់ឃើញមួយចំនួនថា ចិនព្រងើយកន្តើយជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។
ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១មក គេមិនដែលឃើញភាគីចិនមិនថាអ្នកនៅប៉េកាំង ឬ អ្នកនៅស្ថានទូតនៅមីយ៉ាន់ម៉ា មកទាក់ទងជាសាធារណៈជាមួយរដ្ឋាភិបាលស្រមោល NUG ឡើយ។
បន្ថែមពីនេះទៅទៀត នៅក្នុងអត្ថបទវិចារណកថារបស់សារព័ត៌មានបក្សកុម្មុយនិស្តចិន Global Times ក៏មិនបានបង្ហាញពីការគាំទ្រដល់បុព្វហេតុរបស់រដ្ឋាភិបាលស្រមោល NUG ផងដែរ។
អំឡុងពេលដែលរដ្ឋាភិបាល NUG ប្រកូកប្រកាសឱ្យសាធារណជនមីយ៉ាន់ម៉ាក្រោកឈរប្រឆាំងនឹងរបបសឹក សារព័ត៌មានខាងលើបានសរសេរថា៖ «សេចក្ដីប្រកាសនយោបាយរបស់ [រដ្ឋាភិបាល NUG] មិនសំខាន់ទេ ហើយថែមទាំងផ្ដល់ផលប៉ះពាល់ទៅដល់មីយ៉ាន់ម៉ាទាំងមូលទៀតផង។ នេះបានសេចក្ដីថា ប្រព័ន្ធដឹកនាំប្រទេសម៉ូដែលលោកខាងលិច មិនអាចប្រើប្រាស់បាននៅមីយ៉ាន់ម៉ាទេ»។
«[មីយ៉ាន់ម៉ា] ត្រូវតែប្រឈមមុខនឹងការពិត ហើយស្វែងរកក្របខ័ណ្ឌនយោបាយណាមួយ ដែលយល់ព្រមដោយគ្រប់ភាគីទាំងអស់ ដើម្បីសម្រេចបាននូវការផ្សះផ្សាជាតិ និងនយោបាយ»។ នេះបើតាមការបន្ថែមរបស់ Global Times។
បើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសកូតា NUG ទំនាក់ទំនងរវាងចិន និងរដ្ឋាភិបាលស្រមោល «មិនមានសភាពអាក្រក់ណាស់ណានោះទេ»។ នេះបើតាមការឱ្យដឹងរបស់អ្នកស្រី Zin Mar Aung ប្រាប់សារព័ត៌មាននីកេ។
អ្នកស្រីបានលើកឡើងថា រដ្ឋាភិបាលស្រមោលក៏មានមានបណ្ដាញទំនាក់ទំនង និងបញ្ជូនសារទៅកាន់ចិនផងដែរ។
បន្ថែមពីនេះទៅទៀត សារព័ត៌មានក្នុងស្រុក Irrawaddy បានស្រង់យកសម្ដីរបស់រដ្ឋមន្ត្រីការពារជាតិ NUG ថា ស្ថានទូតចិននៅមីយ៉ាន់ម៉ាបានទាក់ទងមកកាន់ក្រុមខ្លួន ក្រោយពេលដែលមានការបំផ្ទុះបង្គោលភ្លើង ៣ដើម ដែលបណ្ដាលឱ្យរោងចក្រនីកែលរបស់ចិនផ្អាកដំណើរការ។
ទោះបីជាយ៉ាងណាក៏ដោយ ចិនហាក់បីដូចជាមើលឃើញ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលជាគណបក្សអ្នកស្រី អ៊ុងសាន ស៊ូជី និងរដ្ឋាភិបាល NUG ជាភាគី ២ខុសពីគ្នា។
សារព័ត៌មាន Global Times បានសង្កត់ថា៖ « NLD នៅតែជាភាគីស្របច្បាប់នៅមីយ៉ាន់ម៉ា»។ សារព័ត៌មាននេះបានមើលឃើញថា ខាង NLD មិនដែលគាំទ្រនូវសកម្មភាពហិង្សារបស់ NUG នោះទេ។ «ប្រសិនបើ NLD ចូលរួម និងដឹកនាំ “បដិវត្តន៍” នោះស្ថានភាពនៅមីយ៉ាន់ម៉ានឹងផ្លាស់ប្ដូរខុសពីស្ថានភាពសព្វថ្ងៃនេះ»។ នេះបើតាមការចុះផ្សាយរបស់ Global Times។
ជារឿងគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ ខាងយោធាមីយ៉ាន់ម៉ាមិនមានបំណងរំលាយគណបក្ស NLD នោះទេ។ នេះបើតាមការលើកឡើងរបស់លោក Zaw Min Tun អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា កាលពីខែមករាកន្លងទៅ។
លោកអះអាងថា ចំណោមសមាជិកគណបក្ស NLD ទាំងអស់មានតែ ២៥% ទេ ដែលចូលរួមជាមួយ NUG ខណៈ ៧៥% ទៀតជាអ្នកមានជំហរ «កណ្ដាលនិយម» ដែលគាំទ្រដល់ការធ្វើការដោយសន្តិវិធីជាមួយរដ្ឋាភិបាលយោធា។ អ្នកនៅចំណោម ៧៥% នេះនឹងត្រូវបានអនុញ្ញាតឱ្យជួបជាមួយប្រេសិតពិសេសអាស៊ាននាពេលខាងមុខ៕