ការបញ្ជាសេះលោតផ្លោះរបារ ទាបឬខ្ពស់ ក៏មិនមែនងាយស្រួល តែកីឡាករត្រូវប្រើបច្ចេកទេសជាមួយនឹងអារម្មណ៍ស្ងប់ស្ងាត់

ការប្រកួតកីឡាជិះសេះផ្លោះរបារ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានបញ្ចប់ហើយនៅក្លិប CCC រាជធានីភ្នំពេញ ដោយមានប្រកួតចំនួន២ទីតាំង ខេត្តកំពង់ស្ពឺមួយកន្លែងទៀត ។ លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានលើកឡើងថា ការប្រកួតដ៏សំខាន់នេះត្រូវបានរៀបចំឡើងវិញ ក្រោយស្ងប់ស្ងាប់ជំងឺកូវីដ-១៩ ដែលនេះជាការបោះជំហានដ៏ធំមួយ ដើម្បីគោលដៅឆ្ពោះទៅស្វែងរកមេដាយមាស ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

លោកស្រីប្រធាន បន្ថែមថា ការប្រកួតនេះបានផ្តល់ឱកាសដល់កីឡាករបានបញ្ចេញសមត្ថភាព បន្ទាប់ពីការហ្វឹកហាត់កន្លងមក ដើម្បីឲ្យមានភាពកាន់តែរឹងមាំ ជាពិសេសបច្ចេកទេសជិះសេះផ្លោះរបារនេះ ។ វាពិតជាលំបាកក្នុងការបញ្ជាសេះឲ្យលោតផ្លោះរបារ កាន់តែខ្ពស់កាន់តែពិបាក ជាពិសេសគឺកម្ពស់ ១,១០ម៉ែត្រជាដើម ។ អ្វីដែលសំខាន់ការបញ្ជាសេះលោតផ្លោះរបារក្រោម១ម៉ែត្រ ឬទាបត្រឹម ៣០សង់ទីម៉ែត្រក៏មិនមែនជារឿងងាយស្រួលដែរ ដែលកីឡាករត្រូវតែប្រើប្រាស់បច្ចេកទេសជាមួយនឹងអារម្មណ៍ស្ងប់ស្ងាត់ ពីព្រោះត្រូវលោតទាំងសេះ និងកីឡាករ ។ លោក ទេព ម៉ូណា បន្ថែមថា ការត្រៀមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះដំបូងនេះ សហព័ន្ធបានត្រៀមសម្រួចគោលដៅ ទោះបីជាវាមានការលំបាកក្តី ក៏យើងជឿថា យើងអាចធ្វើវាបាន នឹងអាចឈានទៅសម្រេចក្តីប្រាថ្នាប្រជែងអោយបានមេដាយមាស ។

សម្រាប់ការប្រកួតជិះសេះផ្លោះរបារនេះ ត្រូវបានចែកចេញជា២កម្រិត ការប្រកួតក្មេងៗ គឺជា គោលដៅបណ្តុះបណ្តាលថ្នាល នៅក្នុងសហគមន៍ រីឯការប្រកួតកម្រិតខ្ពស់ គឺជាកីឡាករជម្រើសជាតិរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ។ រីឯការប្រកួតវិញ្ញាសាចម្ងាយឆ្ងាយមួយទៀត គឺធ្វើនៅរមណីយដ្ឋានដំណាក់ដំរី ខេត្តកំពង់ស្ពឺ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ១៤នាក់ ។

សូមបញ្ជាក់ថា ចំពោះជ័យលាភី នៃការប្រកួតកីឡាជិះសេះផ្លោះរបារ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡានេះ រួមមាន៖ ចំណាត់ថ្នាក់លេខ១ កីឡាករ គីរី ចាន់តុលា ,លេខ២ អ្នកអង្គម្ចាស់ នរោត្តម អម្រិតា និងលេខ៣ កីឡាករ គ្រី សារឿន លេខ៣ស្ទួន កីឡាករ គង់ រតនៈ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner