ឯកឧត្តម ហ៊ឺ បាវី ៖ ការផ្តល់សម្ភារៈលើកទឹកចិត្ត ដល់សិស្សជាប់និទ្ទេសល្អ ជាផ្នែកមួយជំរុញឲ្យសិស្ស ខិតខំរៀនសូត្រ ដែលជាផលល្អសម្រាប់សង្គមជាតិនាថ្ងៃអនាគត

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងចែកវត្ថុអនុស្សាវរីយ៍ ជូនដល់សិស្សនិទ្ទេស A និង B ចំនួន ៣៩នាក់ មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកព្រះស្តេច បានចាត់ទុកសកម្មភាពនានា របស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសល្អ A និង B តាមរយៈការផ្តល់សម្ភារៈសិក្សា និងប្រើប្រាស់នោះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញដល់សិស្សទាំងអស់ ខិតខំប្រឡងប្រណាំង ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបាននិទ្ទេសល្អ។

ឯកឧត្តម បានបន្តថា នៅពេលដែលសិស្សានុសិស្សកម្ពុជា មានចំណេះដឹងល្អកាន់តែច្រើន វាជាផលល្អបំផុតមួយ សម្រាប់ការអភិវឌ្ឍរីកចម្រើន របស់សង្គមជាតិកម្ពុជា នាពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំឲ្យសិស្សនុសិស្ស គួរចាប់យកជំនាញណា ដែលសម្បូរទីផ្សារការងារ ជាពិសេជំនាញភាសា និងព័ត៌មានវិទ្យា ព្រោះបច្ចុប្បន្ននេះ ការបម្រើការងារ និងធ្វើអាជីវកម្ម ស្ទើរតែគ្រប់យ៉ាង ត្រូវការជំនាញទាំងនេះ ជាចាំបាច់ ហើយសង្ឃឹមថា សិស្សានុសិស្ស នឹងខិតខំកែឆ្នៃការៀនសូត្ររបស់ពួកគេ ឲ្យមានប្រសិទ្ធភាព ហើយនឹងយកចំណេះទាំងនោះ ចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។

ឯកឧត្តម ហ៊ឺ បាវី បានបញ្ជាក់ថា ក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រះស្តេច បានធ្វើកិច្ចការងារលើកទឹកចិត្ត ដល់សិស្សនិទ្ទេស A និង B អស់រយៈពេល៧ឆ្នាំកន្លងមកហើយ ដោយកន្លងមកតែងតែនាំពួកគេ ទៅទស្សនកិច្ចសិក្សា និងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ខេត្តព្រះសីហនុ និងខេត្តមណ្ឌលគិរី ក្នុងន័យដើម្បីឲ្យពួកគេបានស្គាល់ផង និងដើម្បីលើកទឹកចិត្តឲ្យសិស្ស ចំពោះការខិតខំរៀនសូត្រផង។

ដោយសារបញ្ហាកូវីដ១៩ ឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញ បានបង្វែរពីការជូនដើរទស្សនកិច្ចសិក្សា ទៅជារង្វាន់សម្ភារៈសិក្សាវិញ ដោយសិស្សនិទេ្ទស A និង B ចំនួន ៣៩នាក់ ដែលបានជួបសំណេះសំណាលនាពេលនេះ ទទួលបានកុំព្យូទ័រយួរដៃថ្មី ម្នាក់មួយគ្រឿង ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner