ប្រមុខ​ការទូត​កម្ពុជា​៖​ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ក្នុង​គោលបំណង​ការពារជាតិ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​បាន​រំលឹក​ឡើងវិញ​នូវ​គោលជំហរ​របស់​កម្ពុជា​ក្នុង​ការធ្វើ​ទំនើបកម្ម​មូលដ្ឋានកងទ័ពជើងទឹក​រាម ក្នុង​គោលបំណង​ការពារជាតិ ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ។​

​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រ​ដ្ឋ​មន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំតុមូល ស្តីពី​សន្តិសុខ និង​ការពារជាតិ ​នៅក្នុង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២២ តប​តាម​ការអញ្ជើញ​រួម​របស់ឯកឧត្តម Jean-Yves Le Drian រដ្ឋមន្ត្រី​អឺរ៉ុប និង​ការបរទេស​បារាំង ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប និង​ឯកឧត្តម Josep Borrell Fontelles តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​ បាន​បញ្ជាក់ថា ​សម័យប្រជុំ​ពេញអង្គ​ត្រូវបាន​បន្ត​ដោយ​កិច្ចប្រជុំតុមូល​ចំនួន​បី​ស្តីពី​ការតភ្ជាប់ និង​បច្ចេកវិទ្យា​ឌីជីថល បញ្ហា​ប្រឈម​ជាស​កល (​អាកាសធាតុ ជីវចម្រុះ មហាសមុទ្រ សុខភាព​) និង​បញ្ហា​សន្តិសុខ និង​ការពារជាតិ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំតុមូល​ស្តីពី​សន្តិសុខ​ និង​ការពារជាតិ​ គឺ​ក្នុងពេលនោះ​ហើយ​ដែល​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​រំលឹក​ឡើងវិញ​នូវ​គោលជំហរ​របស់​កម្ពុជា​ក្នុង​ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ក្នុង​គោលបំណង​ការពារជាតិ ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner