នាយករដ្ឋមន្រ្តីកម្ពុជា-ម៉ាឡេស៊ី បានផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាតំបន់ និង អន្តរជាតិនានា
ភ្នំពេញ៖នាយករដ្ឋមន្រ្តីកម្ពុជា-ម៉ាឡេស៊ី បានផ្លាស់ប្តូរ ទស្សនៈ ដោយត្រង់ទៅត្រង់មកលើបញ្ហាតំបន់ និងអន្តរជាតិ នានា ដែលជាផលប្រយោជន៍ និងក្ដីកង្វល់រួម ដូចជាបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូងនិងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមប្រទេសមហាអំណាច។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលទទួលបាននៅក្រោយបញ្ចប់ជំនួប រវាង សម្តេចន អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

ក្នុងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងម៉ាឡេស៊ី បានឱ្យដឹង ថា ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់ពីការ គាំទ្រ យ៉ាង ពេញលេញដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២ ក្រោមប្រធានបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា”។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាព បន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការពង្រឹងសហគមន៍អាស៊ាន និង ដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ នៅក្នុងក្របខណ្ឌ អាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួមសំដៅ ថែរក្សា មជ្ឈភាពអាស៊ាន ការរួបរួមគ្នា សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈដោយត្រង់ទៅ ត្រង់ មកលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្ដីកង្វល់រួម ដូចជាបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ក្នុងចំណោម ប្រទេស មហាអំណាច។ នាយករដ្ឋមន្រ្តីទាំងពីរ បានគូស បញ្ជាក់ពីសារៈសំខាន់ចាំបាច់ក្នុងការធានានូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់ប្រមុខដឹកនាំអាស៊ាន (5PC) ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ម៉ាឡេស៊ីបានសម្ដែងនូវការគាំទ្រយ៉ាងពេញលេញចំពោះការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា។ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់ សាជាថ្មី អំពីការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ បណ្ដា ភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងការបញ្ចប់ឲ្យ បាន ឆាប់នូវក្រមប្រតិបត្តិ (COC) នៅសមុទ្រចិនខាងត្បូង ដែល មានប្រសិទ្ធភាព និងមានខ្លឹមសារ ស្របជាមួយនឹង ច្បាប់ អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) តាមពេល វេលាដែលមានការឯកភាពគ្នា។
ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្ត ជំរុញកិច្ច សហប្រតិបត្តិកា រជាក់ស្តែងរវាងអាស៊ាន និងបណ្ដាប្រទេស ដៃគូក្រៅតំបន់ក្នុងក្របខ័ណ្ឌ នៃទស្សនទានអាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានលើកឡើងអំពីបញ្ហាជនបាត់បង់ទីលំនៅ/ជនភៀសខ្លួនមកពីរដ្ឋរាក់ខាញ រួមទាំង ជនជាតិរ៉ូហ៊ីងយ៉ា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ និង បានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់នៃការដោះស្រាយមូលហេតុជាឬសគល់នៃជម្លោះ និងការធ្វើមាតុភូមិនិវត្តន៍ របស់ ពួកគេដោយស្ម័គ្រចិត្ត មានសុវត្ថិភាព និងភាពថ្លៃថ្នូរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បាន អញ្ជើញសម្តេចតេជោនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសម៉ាឡេស៊ី ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការ ទូតរវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទទួលយកការ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីដោយក្តីរីករាយនៅពេលវេលាសមស្រប ៕
ដោយ៖ វណ្ណលុក



