ក្រសួងការបរទេសបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចលើកទីមួយនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក្នុងរយៈពេល២៥ឆ្នាំ
ភ្នំពេញ៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ទីក្រុងប៊ែកឡាំង ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាទស្សនកិច្ចលើកទីមួយក្នុងរយៈពេល ២៥ ឆ្នាំ បន្ទាប់ពីការផ្លាស់ប្តូរដំណើរទស្សនកិច្ចចុងក្រោយនៅក្នុងខែមករា ឆ្នាំ១៩៩៧ដើម្បីជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន បានជួបពិភាក្សាការងារផ្លូវការជាមួយលោកជំទាវ ANNALENA BAERBOCK ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន និងការប្រែប្រួល អាកាសធាតុ ព្រមទំាងប្រធានបទផ្សេងៗជាច្រើនទៀត។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ប្រកបដោយគុណភាពដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់និងការចុះហត្ថលេខាថ្មីៗនេះលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ និងកិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយដែលបានប្រព្រឹត្តទៅនាថ្ងៃដដែលនៅរាជធានីភ្នំពេញ។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលអាល្លឺម៉ង់ តែងតែផ្តល់ជូនកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីពេលដែលកម្ពុជាកំពុងកសាងសន្តិភាពក្នុងឆ្នាំ១៩៩២ ដែលក្នុងនោះមានទឹកប្រាក់សរុប ៥៨០លានអឺរ៉ូ រួមទាំងការសន្យារបស់អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៣ លានអឺរ៉ូក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការ បច្ចេកទេសសម្រាប់រយៈពេល ២០២១-២០២២ និងហិរញ្ញប្បទានឥតសំណងប្រមាណ ១៤ លានអឺរ៉ូ ដើម្បីគំាទ្រដល់ វិធានការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាលទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាប្រមាណ៩០% បានទទួលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។
លោកជំទាវ ANNALENA BAERBOCK បានស្ងើចសរសើរចំពោះសមិទ្ធផលទាំងនេះហើយបានបង្ហាញពីឆន្ទៈរបស់ អាល្លឺម៉ង់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលុបបំបាត់ជំងឺរាតត្បាតនេះនៅទូទាំងពិភពលោក។
កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាល្លឺម៉ង់ដើម្បីប្រយុទ្ធប្រឆាំងនឹង បម្រែបម្រួលអាកាសធាតុ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រជាតិបន្សាំនឹងការប្រែប្រួលអាកាសធាតុ (National Adaptation Plan) ដោយសហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)។ កម្ពុជាប្តេជ្ញា បង្កើនថាមពលកកើតឡើងវិញដល់ ២៥% នៃប្រភពថាមពលរួមថ្នាក់ជាតិនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានតុល្យភាពកាបូន(CarbonNeutral)នៅឆ្នាំ២០៥០។
រដ្ឋមន្ត្រីទំាងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលផលប្រយោជន៍ក៏ដូចជាកង្វល់ នៅក្នុងតំបន់ទាំងពីរ ៖
ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដើម្បីជួយឱ្យប្រទេសនេះវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។ ទាក់ទិននឹងបញ្ហានេះ លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានសម្តែងការគាំទ្រកម្ពុជា ជាប្រធានអាស៊ាន និងបេសកជនពិសេសនៃប្រធានអាស៊ាន ដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេស មីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងការបង្កើតបរិយាកាសអំណោយផល ដើម្បីចាប់ផ្តើមការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ លោកជំទាវរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការចូលរួមក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។
ក្នុងអំឡុងពេលពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន លោកជំទាវ ANNALENA BAERBOCK បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសាមគ្គីភាព និងភាពជាដៃគូរវាង G7 និងអាស៊ាន។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាបាននូវសន្តិភាពពិភពលោក និងការរក្សាបាននូវនីតិរដ្ឋក្នុងកិច្ចការអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិបុលភាពរួមគ្នា។
រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរការគាំទ្រគ្នាទៅវិញទៅមកសម្រាប់បេក្ខភាពរបស់ខ្លួននៅក្នុងស្ថាប័នអន្តរជាតិ។
កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងល្អប្រសើរ ប្រកបដោយមិត្តភាពដ៏កក់ក្តៅនិងប្រកបដោយការយោគយល់ និងគាំទ្រគ្នាទៅវិញទៅមក៕


