ប្រធាន គ.ជ.ប ជួបជាមួយអតីតអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ជប៉ុន

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបសវនាការជាមួយប្រតិភូមកពីប្រទេសជប៉ុន លោក ឈីមីហ៊្សូ ដៃស៊ូខេ ( Shimizu Daisuke) អតីតអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ជប៉ុន ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអប់រំអ្នកបោះឆ្នោត នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅបន្ទប់សវនាការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឈីមីហ៊្សូ ដៃស៊ូខេ ព្រមទាំងសហការី ដែលបានចំណាយពេលវេលាចែករំលែកបទពិសោធន៍ការងារពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអប់រំអ្នកបោះឆ្នោត។ ឯកឧត្តម ប្រធាន គ.ជ.ប ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែជួយដល់ការបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ទាំងសម្ភារបរិក្ខារ អ្នកជំនាញការ ព្រមទាំងអនុញ្ញាតឱ្យ គ.ជ.ប បញ្ជូនមន្ត្រីបោះឆ្នោតទៅបណ្តុះបណ្តាលរយៈពេលខ្លីនៅប្រទេសជប៉ុនថែមទៀតផង។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានរំលឹកថែមទៀតថា នៅឆ្នាំ២០១៦ រដ្ឋាភិបាលជប៉ុន បានជួយក្នុងការកែទម្រង់ការចុះឈ្មោះអ្នកបោះឆ្នោត ពីការចុះឈ្មោះដោយដៃមកជាការចុះឈ្មោះ ដោយប្រព័ន្ធកុំព្យូទ័រ ដែលប្រទេសជប៉ុនបានជួយ ស៊ើវើ (Server) សម្រាប់ផ្ទុកទិន្ន័យអ្នកបោះឆ្នោត និងរថយន្ត ហើយ គ.ជ.ប បានប្រើប្រាស់សម្ភារទាំងនោះរហូតមកដល់សព្វថ្ងៃ។

លោក ឈីមីហ៊្សូ ដៃស៊ូខេ បានមានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែលគាត់បានមកព្រះរាជាណាចក្រកម្ពុជា ហើយលោកថា សម្រាប់ការងារអប់រំសាធារណជនអំពីការបោះឆ្នោត គឺមានការងារជាច្រើនដែលត្រូវធ្វើ លោកមានបទពិសោធន៍ជាច្រើនធ្លាប់អនុវត្តនៅប្រទេសជប៉ុន។ តាមរយៈអ្នកជំនាញការ JICA ប្រចាំនៅ គ.ជ.ប គឺលោក តាតហ៊្សូមិ ថូម៉ូយូគិ (Tatsumi Tomoyuki) គាត់រីករាយនឹងចែករំលែកនូវអ្វីដែលគាត់ធ្លាប់ធ្វើនៅប្រទេសជប៉ុន ហើយការសម្រេចចិត្តទទួលយកធ្វើកម្រិតណា គឺអាស្រ័យលើ គ.ជ.ប កម្ពុជា ទៅតាមស្ថានភាពប្រទេសរបស់ខ្លួន។

លោក ឈីមីហ៊្សូ ដៃស៊ូខេ បានបន្តទៀតថា គម្រោងអប់រំជាប្រចាំ គឺមន្រ្តីបោះឆ្នោត ត្រូវចុះទៅធ្វើការអប់រំនៅរាជធានី ខេត្តទាំង២៥ តាមរយៈគ្រឹះស្ថានសិក្សា និងសហគមន៍ គឺជាការផ្សារភ្ជាប់រវាងមហាជនជាមួយមន្រ្តីបោះឆ្នោតដោយផ្ទាល់។ នៅពេលមហាជនស្គាល់មន្រ្តី គ.ជ.ប និងមានចំណេះដឹងបោះឆ្នោត ពួកគាត់នឹងជឿជាក់លើ គ.ជ.ប ហើយលទ្ធផលបោះឆ្នោតដែល រៀបចំដោយ គ.ជ.ប នឹងទទួលយកបានជាភាពត្រឹមត្រូវ និងជឿទុកចិត្តបាន។

ជាចុងក្រោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជម្រាបជូនប្រតិភូជប៉ុនថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គ.ជ.ប បានដាក់ឱ្យប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មានក្នុងដំណើរការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បែបបទនៃការស្នើសុំនិងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមប្រព័ន្ធទិន្ន័យបញ្ជីបោះឆ្នោត និងការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត រួមជាមួយនឹងការប្រកាសបេក្ខជនជាប់ឆ្នោត។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានបន្ថែមទៀតថា នៅថ្ងៃខាងមុខ សម្ភារមួយចំនួននឹងចាស់ទ្រុឌទ្រោម ឬខូចប្រើការលែងកើត ដូចនេះ ក្នុងនាម គ.ជ.ប សំណូរពរដល់ប្រទេសជប៉ុនជួយដល់ គ.ជ.ប កម្ពុជា ជាបន្តទៀត។ ជំនួបសវនាការបានប្រព្រឹត្តទៅអស់រយៈពេលមួយម៉ោង ភាគីទាំងពីរបានថ្លែងអំណរគុណគ្នា ទៅវិញទៅមក ហើយបានបញ្ចប់ដោយភាពស្និទ្ធស្នាល និងរីករាយ៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner