លោកបណ្ឌិត គិន ភា៖ រុស្ស៊ីវាយចូលអ៊ុយក្រែននៅពេលនេះ គឺមានទម្ងន់គ្រប់គ្រាន់សម្រាប់ការចរចា

ភ្នំពេញ៖ ស្ថានការណ៍នៅប្រទេសអ៊ុយក្រែនកាន់តែមានភាពតានតឹងខ្លាំងឡើងៗ និងសង្គ្រាមក៏បានផ្ទុះឡើងពេញបន្ទុកដោយការវាយលុករបស់សហព័ន្ធរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន គឺហាក់ដូចជាបានធ្វើឡើងតាមគ្រប់មធ្យោបាយទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ តាមបណ្តោយព្រំដែនរបស់អ៊ុយក្រែនដែលជាប់ជាមួយរុស្ស៊ី គឺកងទ័ពរុស្ស៊ីកំពុងវាយលុកសម្រុកចូលអ៊ុយក្រែន។ អ្នកវិភាគបានលើកឡើងថា រុស្ស៊ីវាយចូលអ៊ុយក្រែននៅពេលនេះ គឺមានទម្ងន់គ្រប់គ្រាន់សម្រាប់ការចរចាជាមួយនឹងអង្គការណាតូ ជាមួយនឹងសហរដ្ឋអាមេរិក ជាមួយនឹងអ៊ុយក្រែន ហើយរុស្ស៊ីនឹងចាកចេញពីអ៊ុយក្រែនវិញដោយមិនដៃទទេនោះទេ។

ទាក់ទងស្ថានការណ៍នៅប្រទេសអ៊ុយក្រែន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះថា គិតមកដល់ពេលនេះ ស្ថានការណ៍នៅប្រទេសអ៊ុយក្រែនកាន់តែមានភាពតានតឹងខ្លាំងហើយ និងសង្គ្រាមក៏បានផ្ទុះឡើងពេញបន្ទុកដែរ ដោយការវាយលុករបស់សហព័ន្ធរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន គឺហាក់ដូចជាបានធ្វើឡើងតាមគ្រប់មធ្យោបាយទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ពីគ្រប់បណ្តោយព្រំដែនរបស់អ៊ុយក្រែនដែលជាប់ជាមួយរុស្ស៊ី គឺកងងទ័ពរុស្ស៊ីកំពុងវាយលុកសម្រុកចូលអ៊ុយក្រែន។ មកដល់ពេលនេះ មានសេចក្តីរាយការណ៍ព័ត៌មានថា ការវាយវាយប្រហាររបស់រុស្ស៊ី គឺបានខិតកៀកជិតទីក្រុងកៀវដែលជារដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ដែលនៅសល់ប្រមាណជា៣០គីឡូម៉ែត្រតែប៉ុណ្ណោះ។

លោកបណ្ឌិត គិន ភា បានបន្តថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវហៅឱ្យមានការជួយពីបណ្តាប្រទេសផ្សេងៗនៅអឺរ៉ុប ក៏ដូចជាប្រទេសណាតូ ក៏ប៉ុន្តែមិនមានចម្លើយទាល់តែសោះ សូម្បីតែប្រធានាធិបតីអ៊ុយក្រែនបានស្នើសុំចូលជាសមាជិកណាតូ គឺប្រទេសដែលជាសមាជិកអឺរ៉ុបទាំង២៧ គឺគ្មានប្រទេសណាមួយហ៊ានផ្តល់ចម្លើយនៅឡើយទេ។ ច្បាស់ហើយ គឺប្រហែលជាប្រទេសទាំងងអស់នោះមានការខ្លាចញញើតចំពោះប្រទេសរុស្ស៊ី។ យើងបានឮនៅការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីដែលបាននិយាយថា ប្រសិនបើប្រទេសណាមួយហ៊ានចូលពាក់ព័ន្ធបញ្ហាអ៊ុយក្រែនពួកគេនឹងទទួលផលវិបាកដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ នេះបង្ហាញឱ្យឃើញអំពីការតាំងចិត្តខ្លាំងមែនទែនរបស់មេដឹកនាំរុស្ស៊ីចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលអាចថា កំណត់កត្តាស្លាប់រស់សម្រាប់សន្តិសុខជាតិរបស់រុស្ស៊ីផងដែរ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តថា បើពិនិត្យទៅលើទិដ្ឋភាពប្រវត្តិសាស្ត្រវិញ គឺប្រទេសអ៊ុយក្រែនធ្លាប់ជាផ្នែកមួយនៃអតីតសហភាពសូវៀត ប៉ុន្តែនៅពេលដែលសហភាពសូវៀតបានដួលរំលំទៅនៅដើមទសវត្សឆ្នាំ៩០ គឺអ៊ុយក្រែនបានប្រទេសឯករាជ្យ។ ជាបន្តបន្ទាប់ឃើញថា អ៊ុយក្រែនមានបំណងចង់ចូលជាសមាជិកអង្គការណាតូ ដែលរុស្ស៊ីយល់ថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។ ដូច្នេះអ្វីដែលរុស្ស៊ីចង់បាន គឺចង់ឃើញអ៊ុយក្រែននៅអព្យាក្រឹត្យ ដោយរុស្ស៊ីបានដាក់បន្ទាត់ក្រហមហើយថា បើសិនជាអ៊ុយក្រែននៅមានបំណងចង់ចូលជាសមាជិកណាតូទៀត នោះគឺរុស្ស៊ីអត់មានជម្រើសអ្វីដែលនៅសេសសល់ទេ។ ឃើញថា មួយរយៈចុងក្រោយនេះ ទាំងសហរដ្ឋអាមេរិក ទាំងណាតូ ហាក់ដូចជាបានល្បួងលួងលោមអ៊ុយក្រែនឱ្យធ្លាក់ទៅក្នុងការសន្យារបស់ខ្លួនពីការធានានូវសន្តិសុខសម្រាប់អ៊ុយក្រែនជាដើម។ មេដឹកនាំអ៊ុយក្រែនហាក់ដូចជាលលង់ជាមួយការសន្យារបស់ណាតូ និងសហរដ្ឋអាមេរិក ហើយបានបង្ហើបម្តងហើយម្តងទៀតអំពីបំណង និងឆន្ទៈរបស់ខ្លួនក្នុងការចូលជាសមាជិករបស់ណាតូ ដែលសមាជិកភាពអ៊ុយក្រែននៅក្នុងណាតូនេះ គឺជាបន្ទាត់ក្រហមរបស់រុស្ស៊ី។ ជាការពិតរុស្ស៊ី គឺអត់មានសល់ជម្រើសច្រើនម្ខាងអ៊ុយក្រែនចេះតែសង្ខើញចង់ចូលសមាជិកណាតូ។ ម៉្យាងវិញទៀតសម្ព័ន្ធមិត្តណាតូ ដែលមានសហរដ្ឋអាមេរិកអ្នកដឹកនាំ គឺបានទម្លាក់នៅកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចម្តងហើយម្តងទៀត មិនអស់មិនហើយ។ ហេតុនេះហើយរុស្ស៊ីប្រហែលជានៅសល់តែជម្រើសមួយ គឺត្រូវតែវាយលុកចូលអ៊ុយក្រែនដើម្បីមានកម្លាំងមានតម្លៃមានទឹកមាត់សម្រាប់ការចរចាទៅថ្ងៃក្រោយទៀត។

លោកបណ្ឌិត គិន ភា យល់ឃើញថា សង្គ្រាមនេះ គឺបានផ្តល់ផលប៉ះពាល់ច្រើន ទី១.ផលប៉ះពាល់ទៅលើវិស័យសន្តិសុខ។ ត្រូវដឹងថា សង្គ្រាមកើតនៅទីណាក៏ដោយក៏ប៉ុន្តែវានឹងបង្កវិនាសកម្មស្ទើរតែគ្រប់ទីកន្លែងនៃពិភពលោក ហើយវានឹងបង្កទៅជាបញ្ហាសន្តិសុខ គឺប្រទេសអ៊ុយក្រែនតែម្តង ហើយក៏ដូចជាអឺរ៉ុបទាំងមូលដែរ ដែលវានឹងបង្កបញ្ហាផ្នែកសន្តិសុខ។ ទី២.វិបត្តិមនុស្សធម៌ គឺនៅពេលដែលសង្គ្រាមកើតឡើងប្រជាពលរដ្ឋពិតតជាទទួលនៅសោកនាដកម្ម ការស្លាប់ របួស ខ្វះស្បៀង ខ្វះថ្នាំសង្កូវព្យាបាល ខ្វះទីជម្រកជាដើម នេះគឺជាសោកនាដកម្មដែលមនុស្សជាតិមិនប្រាថ្នាចង់ឃើញ។ ទី៣.ផលប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ច៖ វិស័យសេដ្ឋកិច្ចដែលអាចប៉ះពាល់ផ្ទាល់គឺទៅលើប្រទេសអ៊ុយក្រែនតែម្តង និងធ្ងន់ធ្ងរប្រទេសរុស្ស៊ី ដែលឃើញថា កញ្ចប់ទណ្ឌកម្មនៃសេដ្ឋកិច្ចត្រូវបានទម្លាក់មក ហើយក្នុងកម្រិតមួយធ្ងន់ធ្ងរទៅទៀត ដែលអាចនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីខ្លួនឯង និងរងផលប៉ះពាល់ អាចនឹងរីងរៃក្នុងរយៈពេលយូរអង្វែងទៅមុខទៀត។ សម្រាប់ពិភពលោកទាំងមូលអ្វីដែលយើងបារម្ភផលប៉ះពាល់ផ្ទាល់ភ្លាមៗនោះ គឺតម្លៃប្រេងឆៅនឹងមានការកើនឡើងដែលនឹងធ្វើឱ្យប៉ះពាល់ទៅដល់ខ្សែច្រវាក់ផលិតកម្មទូទាំងពិភពលោកតែម្តង ពីព្រោះវិស័យថាមពល គឺបម្រើទៅដល់វិស័យសេដ្ឋកិច្ច។ ប្រទេសរុស្ស៊ី គឺជាប្រទេសដែលផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយនៅក្នុងពិភពលោក ដែលនេះគឺជាផលប៉ះពាល់មួយទៀតសម្រាប់វិស័យសេដ្ឋកិច្ច ហើយត្រូវដឹងថា មានដៃគូពាណិជ្ជកម្ម ពាណិជ្ជកម្មឆ្លងដែនរវាងរុស្ស៊ីជាមួយនឹងបណ្តាប្រទេសផ្សេងៗ រាប់ទាំងអឺរ៉ុបក៏ត្រូវរងផលប៉ះពាល់ផលផងដែរ។ នេះជាសោកនាដកម្មដ៏ធ្ងន់ធ្ងរ។

លោកបណ្ឌិត គិន ភា ជឿជាក់ថា “យើងជឿជាក់ថា សង្គ្រាមនេះមិនត្រូវបានបញ្ចប់ដោយសង្គ្រាមទេ គឺត្រូវតែបញ្ចប់ការចរចាដោយសន្តិវិធី។ គ្មានសង្គ្រាមណាមួយដែលត្រូវបានបញ្ចប់ដោយសង្គ្រាមទេ លើកលែងតែសង្គ្រាមលោកលើកទី២ ដែលត្រូវបានបញ្ចប់ជាស្ថាពរដោយការទម្លាក់គ្រាប់បែកបរមាណូពីសំណាក់សហរដ្ឋអាមេរិកទៅលើប្រទេសជប៉ុន គឺទីក្រុងហ៊ីរ៉ូស៊ីម៉ា និងកាសាគី ដែលធ្វើឱ្យជប៉ុនសុខចិត្តចុះបាញ់។ ក៏ប៉ុន្តែសង្គ្រាមជាបន្តបន្ទាប់មកទៀត គឺយើងអត់មានសង្គ្រាមណាត្រូវបានបញ្ចប់ដោយសង្គ្រាមទេ។ ចុងក្រោយត្រូវបញ្ចប់ដោយការចរចាដោយសន្តិវិធី។ យើងសង្ឃឹមថា រុស្ស៊ីដែលវាយចូលអ៊ុយក្រែននៅពេលនេះ គឺមានទម្ងន់គ្រប់គ្រាន់សម្រាប់ការចរចាជាមួយនឹងណាតូ ជាមួយនឹងសហរដ្ឋអាមេរិក ជាមួយនឹងអ៊ុយក្រែន ហើយរុស្ស៊ីនឹងចាកចេញវិញដោយមិនដៃទទេទេ”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner