រថយន្ត Ford Ranger បេីកបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូពីចំហៀងពេញទំហឹងបណ្តាលឲ្យបុរស ២នាក់របួសធ្ងន់ស្រាល
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាក ford ranger មួយគ្រឿងបើកបត់ឆ្លងផ្លូវត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវបានម៉ូតូធុនធំមួយគ្រឿងជិះគ្នា២នាក់ បើកបរក្នុងល្បឿនលឿនផងនោះ ក៏បានបុកពីចំហៀងខាងមុខពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខការ៉ាស់សាំង L-H-R តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនេីបម៉ាក Ford ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BO-5975ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ខណៈនោះក៏មានបុរស២នាក់ជិះម៉ូតូធុនធំមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IB-3540ធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តផ្នែកមុខខាងស្តាំពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ម្នាក់ត្រូវរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ប្រចាំខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្តនាពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា







ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕