ថ្នាក់ដឹកនាំតាមស្ថាប័ននានាបានអញ្ជើញគោរពវិញ្ញណក្ខន្ធសពឯកឧត្តមនាយឧត្តម សេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួង ការពារជាតិ
កណ្ដាល៖ នៅថ្ងៃទី២៥កុម្ភៈ មានវត្តមានថ្នាក់ដឹកនាំតាមស្ថាបន័រដ្ឋក្រសួងនានា មានដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា(សសយក) ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ តំណាងឯកឧត្ដម ខៀវកញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិដែលជាយុទ្ធមិត្តរួមជំនាន់ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមគ្រប់សកម្ម ភាពទាំងអស់ ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានទទួលមរណភាព កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ ។
អដ្ឋិធាតុ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន ត្រូវបានក្រុមគ្រួសារ ព្រមទាំងនាយទាហានជាន់ខ្ពស់ នាយទាហាននៃកងយោធពលខេមរភូមិន្ទ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន និងគោរពវិញ្ញាណក្ខន្ធតាមប្រពៃណីសាសនា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កុម្ភៈ នៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល ។
នៅក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ ថ្នាក់ដឹនាំនិងប្រតិភូ បានសំដែងនូវក្តីរំជួយចិត្តចំពោះការបាត់បង់មេបញ្ជាការ និងជាយុទ្ធមិត្តធ្លាប់រួមដំណើរជាមួយសម្តេច ក្នុងគ្រប់កាលៈទេសៈទាំងអស់ ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន គឺជាមិត្តរួមអាវុធដ៏ស្មោះត្រង់ និងអ្នកជួយយកអាសាបំផុត នៅលើគ្រប់សមរភូមិប្រយុទ្ធ ។
នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចតេជោ សែន បានឱ្យដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ គ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទ បានចាក់ទុកថា ការបាត់បង់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ គឺជាការបាត់បងស្វាមី បិតា ជីតា ជាទីស្រឡាញ់ និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ពោរពេញ ទៅដោយមនសិការស្នេហាជាតិ ដែលក្នុងមួយជីវិតរបស់ឯកឧត្តម បានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងនាំមកនូវសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ ។ រូបកាយរបស់ ឯកឧត្តម បានបាត់បងទៅក៏ពិតមែន តែកិត្តិយស សេចក្តីថ្លៃថ្នូរ និងគំរូវិរភាពដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម នៅតែ ស្ថិតស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់មនុស្សជំនាន់ក្រោយទាំងអស់គ្នា ជារៀងរហូតមិនអាចបំភ្លេចបានឡើយ ៕ ដោយ អ៊ិត រ៉ាវុធ


















