ទីបំផុត! សហភាពអឺរ៉ុបបញ្ជូនយន្តហោះចម្បាំង និងគ្រឿងសព្វាវុធទៅជួយអ៊ុយក្រែន
ព្រុចសែល៖ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានបង្ហើបថា កញ្ចប់ថវិកាចំនួន 450 លានអឺរ៉ូ នៃជំនួយដ៏ច្រេីនសម្បេីមសម្រាប់អ៊ុយក្រែន នឹងរួមបញ្ចូលយន្តហោះចម្បាំង ជាមួយគ្រឿងសព្វាវុធទាំងអស់ត្រូវបានបញ្ជូនតាមរយៈប្រទេសប៉ូឡូញ។


បន្ថែមលេីនេះ លោក Borrell ក៏បាននិយាយផងដែរថា ប្រហែលពាក់កណ្តាលនៃទុនបម្រុងរបស់ធនាគារកណ្តាលរុស្ស៊ីនឹងត្រូវបង្កក។ ទន្ទឹមនេះ ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសថា ប្លុកនេះនឹងផ្តល់ហិរញ្ញប្បទានដល់ការទិញ និងចែកចាយសព្វាវុធ រួមទាំងឧបករណ៍យោធាផ្សេងទៀតសម្រាប់អ៊ុយក្រែន ដោយលោក Borrell បាននិយាយថា កញ្ចប់ ជំនួយដ៏ច្រេីនសន្ធឹកសន្ធាប់របស់សហភាពអឺរ៉ុប នឹងមានទឺកប្រាក់រហូតដល់ 450លានអឺរ៉ូ ឬស្មេីនឹង 501លានដុល្លារ។ ជាមួយនឹងទឹកប្រាក់ 50លានអឺរ៉ូផ្សេងទៀត ស្មេីនឹង 55,744 ដុល្លារ នឹងឆ្ពោះទៅរកជំនួយដែលមិនមែនគ្រឿងសព្វាវុធ ក្នុងនោះរួមទាំងប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តជាដេីម ។


លោក Borrell បន្ថែមថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានស្នើសុំយន្តហោះចម្បាំង ដែលអ្នកបើកយន្តហោះអ៊ុយក្រែន អាចប្រតិបត្តិការបាន ហើយយន្តហោះទាំងនោះ អាចត្រូវបានទិញពីប្រទេស EU មួយចំនួន។ កងទ័ពអាកាសអ៊ុយក្រែនប្រើប្រាស់យន្តហោះចម្បាំង MiG-29 និង Sukhoi Su-24, Su-25, និង Su-27 ដែលរចនាដោយសូវៀតក្នុងតួនាទីប្រយុទ្ធ ហើយជាមួយនឹង Su-25 ដែលប្រើដោយប៊ុលហ្គារី និង MiG-29 ប្រើដោយប៉ូឡូញ ប៊ុលហ្គារី និង ស្លូវ៉ាគី យន្តហោះទាំងនោះទំនងជាមានប្រភពមកពីប្រទេសទាំងនេះ ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា