ផ្លូវពីរខ្សែដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

ខេត្តកំពត ៖ ផ្លូវពីរខ្សែដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកដងទង់ ខេត្តកំពត តាមរយៈឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

ផ្លូវទាំង ២ខ្សែនេះ មាន ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ២០គីឡូម៉ែត្រ និងផ្លូវបេតុងមួយខ្សែទៀតមានប្រវែង ៤គីឡូម៉ែត្រ ហើយផ្លូវទាំងពីរខ្សែនេះឆ្លងកាត់ឃុំចំនួន៤ និងភូមិចំនួន៨ ក្នុងស្រុកដងទង់ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងស្រុកដងទង់ប្រមាណជាង ៨០០នាក់ផងដែរ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកដងទង់ទាំងអស់ដោយក្តីនឹករលឹក ។

ឯកឧត្តមអភិបាលខេត្តកំពតបានគូសបញ្ជាក់ទៀតថា សមិទ្ធិផលផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងដែលកើតឡើងនាពេលនេះ គឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបអាចមានឱកាសក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ហើយសន្តិភាពនោះទៀតសោតគឺបានមកពីការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វះស្វែងរកមកជូនជាតិ ជូនប្រជាជនដោយយកជីវិតទៅប្តូរ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេស ប្រជាជន មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ដូច្នេះយើងជាប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាតម្លៃនៃសន្តិភាពនេះឱ្យបានគង់វង្សតទៅមុខទៀត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ៕ veng

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner