ជ្រូកវៀតណាម ១១៥ក្បាលនាំចូលឆ្លងដែនដោយខុសច្បាប់ត្រូវសមត្ថកិច្ចបង្ក្រាបនៅស្រុករមាសហែក

ស្វាយរៀង ៖ ក្រុមចល័តបង្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ស្ទាក់ចាប់ឃាត់រថយន្ត ១គ្រឿងសង្ស័យនាំជ្រូករស់ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ចំនួន ១១៥ក្បាល ។ ករណីចុះបង្ក្រាបនេះកើតឡើងនៅវេលាម៉ោង០១និង០២នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ខែកុម្ភ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១៣ត្រង់ចំណុចភូមិតាត្រាវឃុំកំពង់ត្រាចស្រុករមាសហែក។

បើតាមលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងបានឲ្យដឹងថា ករណីបង្ក្រាបនេះ គឺ ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង ចុះស្ទាក់ចាប់រថយន្ត ០១គ្រឿង ម៉ាកSsangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាកលេខព្រៃវែង2A-0318 ដឹកសត្វជ្រូករស់ចំនួន ១១៥ក្បាល ដោយសង្ស័យនាំចូលពីប្រទេសវៀតណាម ឆ្លងដែនមកកាន់ប្រទេសកម្ពុជា តាមច្រករបៀងដោយខុសច្បាប់ បម្រុងនឹងយកទៅចែកចាយនៅខេត្តស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។

ប្រភពបន្តថា ក្រុមការងារបានឃាត់រថយន្តសង្ស័យនៅលើកំណាត់ផ្លូវជាតិលេខ១៣ ខាងមុខផ្សារកំពង់ត្រាចស្ថិតនៅចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយពីត្រួតពិនិត្យសាកសួររួចមកលទ្ធផល់គឺ គ្មានច្បាប់អនុញ្ញាតិនាំចូល ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាង សត្វជ្រូករស់ចំនួន ១១៥ក្បាលនោះទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងដើម្បីចាត់ការទៅតាមច្បាប់ ។

ប្រភពបន្តទៀតថា ម្ចាស់ជ្រូកឈ្មោះសោមសារឿន មុខរបរអាជីវករ មានទីលំនៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលគេស្គាល់ថា ជាអ្នកប្រកបមុខរបរជួញសត្វជ្រូករស់ជាច្រើនឆ្នាំមកហើយ និងជាអ្នកនាំសត្វជ្រូករស់ពីប្រទេសវៀតណាមចូលមកចែកចាយក្នុងខេត្តស្វាយរៀង និងទៅរាជធានីភ្នំពេញ។

ទាក់ទិនករណីនេះដែរ លោក ប៉ែន ចន្ធី បានឲ្យដឹងទៀតថា ជ្រូករស់ទាំង ១១៥ក្បាលនេះមន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានធ្វើការបូមឈាម យកសំណាកបញ្ជូនទៅអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ កុម្ភៈ ២០២២ ដើម្បីចូលមន្ទីរពិសោធន៍រករោគវិនិច្ឆ័យ ។ដូច្នេះមកដល់វេលានេះមន្ទីរនៅរង់ចាំមើលលទ្ធផលពីក្រសួង ។

ប្រសិនបើពិនិត្យទៅឃើញលទ្ធផលវិជ្ជមាន(ជ្រូកមានជម្ងឺ)គឺត្រូវធ្វើរបាយការណ៍ជូនលោកព្រះរាជអាជ្ញា សុំគោលការដុតកំទេចបំផ្លាញចោល។ ក៏ប៉ុន្តែប្រសិនបើគ្មានរោគ ឬគ្មានជម្ងឺជ្រូកមានសុខភាពល្អ គឺត្រូវធ្វើការផាកពិន័យ្យតាមច្បាប់ សុខភាពសត្វនិងផលិតកម្មសត្វ លេខ១១៣ រួចប្រគល់ជ្រូកឲ្យម្ចាស់វិញ។ ទាក់ទិនករណីនេះដែរមិនអាចសុំកាតបំភ្លឺពីលោកសោម សារឿន ម្ចាស់ជ្រូកនេះបានទេរហូតដល់ព្រឹកថ្ងៃទី១ មិនា ២០២២នេះ ៕ ប្រភព ៖ ស្វាយរៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner