«ភូមិស្អាត សុខភាពល្អ» ជាប្រធានថ្មី ក្នុងទិវាអនាម័យបរិស្ថានជាតិថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៩ ដែលរៀបចំដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ

អត្ថបទដោយ៖
Kien Sereyvuth

«ភូមិស្អាត សុខភាពល្អ» ជាប្រធានថ្មី ក្នុងទិវាអនាម័យបរិស្ថានជាតិថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលាឃុំស្រឡប់  ស្ថិតស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងនៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមពី អភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមប្រមាណជាង២០០នាក់។

នាឱកាសនោះ លោក នី សុធី ប្រធានមន្ទីរស្ដីទីនៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ថ្លែងឲ្យដឹងថា ទិវាអនាម័យបរិស្ថាន បានរៀបចំឡើង នាថ្ងៃនេះ ដើម្បីជុំរុញការចូលរួមសំអាតបរិស្ថាន ក្នុងចំណោមប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានតាមរយៈលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ អំពីផលប៉ះពាល់ពីការចោលសំរាមផ្ដេសផ្ដាស ទៅលើបរិស្ថាននិងសុខភាពមនុស្ស។

លោក បន្តថា ទិវាអនាម័យបរិស្ថានក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ»  មិនមានន័យត្រឹមតែលំនៅដ្ឋាន ឬផ្ទះប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ដណ្ដប់ទូទាំងប្រទេសកម្ពុជាទាំងមូល ដែលប្រៀបដូចជា ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរអញ្ចឹងដែរ។ ទោះយ៉ាងណាក្ដី បរិស្ថានប្រទេសកម្ពុជា នឹងមិនអាចស្អាតបានទេ លុះណាបរិស្ថានតាមលំនៅដ្ឋាន សាលារៀន សិប្បកម្ម អាជីវកម្ម ផ្សារ រោងចក្រ ស្អាតជាមុនសិន។ ដូចនេះ ដើម្បីឲ្យកម្ពុជាមានបរិស្ថានស្អាត ប្រជាពលរដ្ឋខ្មែរម្នាក់ៗ រួមទាំងជនបទេសដែររស់នៅក្នុងប្រទេសកម្ពុជា ត្រូវមានកាត្វកិច្ចសំអាតបរិស្ថាន និងទទួលខុសត្រូវចំពោះបរិស្ថានខូចខាត ដោយសារទង្វើរបស់ខ្លួន។

ថ្លែងក្នុងឳកាសនោះ ឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា៖ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសារធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ គ្រប់គ្រងសំណល់រឹងឲ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទដូចជា សំណល់អាចកែច្នៃបាន សារធាតុសំណល់សរីរាង្គ សំណល់គ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួន ឲ្យមានតម្លែសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលាន។

ឯកឧត្តម ចេង ប៉ុណ្ណារ៉ា បានបញ្ជាក់ថា «យើងទាំងអស់ត្រូវចូលរួមថែរក្សាបរិស្ថាន បង្កើនហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានស្អាតនៅតាមទីសាធារណៈ ហើយត្រូវយកចិត្តទុកដាក់ជានិច្ច ចំពោះបញ្ហាបរិស្ថានត្រូវធ្វើការផ្សព្វផ្សាយ ឲ្យទូលំទូលាយដល់ប្រជាពលរដ្ឋ។ បើខេត្តយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងខេត្តបានល្អ យើងអាចទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងដំណើរកម្សាន្តបានច្រើន ហើយអាចធ្វើឲ្យប្រជាពលរដ្ឋអាចកាត់បន្ថយភាពក្រីក្របានមួយកម្រិតផង»។

សូមបញ្ជាក់ថា ទិវានេះ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការយល់ដឹងកិច្ចគាំពារ ការទុកដាក់សំរាម និងថែរក្សាសំរាមឲ្យមានសណ្ដាប់ធ្នាប់ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ និងយកអនុវត្តតាមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ដោយបានចែកសំភារៈធុងសំរាម និងដាំដើមឈើ ដើម្បីចូលរួមសំអាតសោភ័ណ្ឌភាពទីក្រុងផងដែរ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner