ឯកឧត្តម ឃួង ស្រេង៖ ចៅសង្កាត់មិនមែនព្រះនរាយណ៍ដៃ១០០នោះទេ តែត្រូវចេះបែងចែកការងារគ្នាធ្វើ ថ្លែងក្នុងឪកាសបើកមហាសន្និបាតអាណត្តិទី៣ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២២វិច្ឆិកា

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឃួង ស្រេង៖ ចៅសង្កាត់មិនមែនព្រះនរាយណ៍ដៃ១០០នោះទេ  ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ អាជ្ញាធរថ្នាក់សង្កាត់ ខណ្ឌគឺ សុទ្ធតែជាប្រតិបត្តិករ និងជាអ្នករស់នៅជិតដិតនៅមូលដ្ឋានជាមួយប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាឲ្យប្រជាពលរដ្ឋបានទាន់ពេលវេលា។

អាជ្ញាធរសង្កាត់ត្រូវ បង្កើនចំណេះដឹងលើសមត្ថភាពដឹកនាំ និងចេះសិល្បះនៃការដឹកនាំធ្វើឲ្យសម្រេច បានជោគជ័យទាំងការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលបន្តថា៖ ចៅសង្កាត់មិនមែនជាព្រះនរាយណ៍ដៃ១០០នោះទេ តែត្រូវចេះវិធីសាស្ត្រក្នុងការបែងចែកការងារទៅឲ្យសហការីធ្វើ និងទទួលខុសត្រូវព្រោះការងារនៅមូលដ្ឋានមានច្រើនមិនមែនពូកែតែម្នាក់ឯងធ្វើបានជោគជ័យនោះទេ។

តម្រូវការរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញគឺខ្ពស់ណាស់ទៅតាមការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃខុសពីនៅតាមខេត្ត។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏រងចាំផ្តល់ពិន្ទុវាយតំលៃទៅលើការដឹកនាំអនុវត្តន៍ការងាររបស់យើងដែរ។ នាឪកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានក្រើនរំលឹកជាថ្មីទៀតពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវសំខាន់ៗទាំង ១១ខ្សែក្នុងក្រុងសុំឲ្យអាជ្ញាធរសង្កាត់ ខណ្ឌបន្តយកចិត្តទុកដាក់រៀបចំដោយកំណត់ថា៖ ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមិនមែនជាឪនភាពតែជាឧត្តមភាពសម្រាប់ទទួលបានប្រជាប្រិយ៍ភាពសម្រាប់ការបោះឆ្នោត ក្នុងគោលដៅរំដោះចិញ្ចើមផ្លូវពីការរំលោភបំពាន និងធ្វើឲ្យទីក្រុងមានសណ្តាប់ធ្នាប់ល្អ។

មហាសន្និបាតនេះមានគោលបំណងលើកកម្ពស់ឋានៈ និងការអភិវឌ្ឍសមត្ថភាពដល់ ក្រុមប្រឹក្សាខណ្ឌ សង្កាត់រាជធានីភ្នំពេញ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគម កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ពង្រឹងនិតិរដ្ឋ និងជំរុញលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា និងជាឪកាសវាយតំលៃលទ្ធផលការងាររយៈពេល៥ឆ្នាំកន្លងមករបស់សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់រាជធានីភ្នំពេញរួមទាំងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សារបស់សមាគមរួមទាំងការ កែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner