គណៈប្រតិភូក្រុមការងារ SMCC ជូបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អ.ជ.ប.គ.ញ និងជាប្រធានគណៈប្រតិភូក្រុមការងារ SMCC (មជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ) មកពី៦ប្រទេស មាន កម្ពុជា ថៃ វៀតណាម ភូមា ឡាវ និងប្រទេសចិន បានជួបប្រជុំពិភាក្សាជាមួយលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ក្រោមវត្តមានគណអធិបតី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណង ពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន សម្រាប់ទុកសិក្សាឈ្វេងយល់ និងជាបទពិសោធការងារផងដែរ។

បើតាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទាក់ទិនរឿងគ្រឿងញៀននៅខេត្តព្រះសីហនុ ក៏បានបង្កឲ្យមានបញ្ហាប្រឈមខ្លះដែរ។ តែអាជ្ញាធរខេត្តក៏បានខិតខំជាខ្លាំងក្នុងការអប់រំ ផ្សព្វផ្សាយអំពីបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀនជារឿយៗ ដើម្បីឲ្យពលរដ្ឋជាពិសេសស្រទាប់យុវជនបានយល់ដឹង និងមានវិធានការបង្ក្រាបទប់ស្កាត់យ៉ាងខ្លាំងក្លាផងដែរ។

ក្រៅពីវិធានការអប់រំណែនាំ បង្ក្រាប ខេត្តព្រះសីហនុ ក៏បានបង្កើតមណ្ឌលសន្សាបអ្នកញៀនថ្នាំ ដើម្បីជួយព្យាបាលពួកគេមុននឹងធ្វើសមាហរណ្ឌកម្មទៅសហគមន៍វិញ។ ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត បានសំដែងការគាំទ្រ សហការផ្តល់ព័ត៌មានចែករំលែកព័ត៌មានទៅវិញទៅមកទាក់ទងការបង្ក្រាមទប់ស្កាត់គ្រឿងញៀននេះ ដើម្បីរួមគ្នាធ្វើឱ្យប្រជាពលរដ្ឋអាស៊ានរស់នៅប្រកបដោយសុខដុម។

បើតាម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បញ្ជាក់ថាក្រុមការងារ SMCC មានការិយាល័យប្រចាំការនៅក្រុងភ្នំពេញ ហើយមានភ្នាក់ងារមកពីប្រទេសជាសមាជិកប្រចាំការ។ ក្នុងនោះប្រទេសកម្ពុជាយើង បានចូលរួមនៅឆ្នាំ២០១៥ និងមានបេសកកម្មចូលរួមទប់ស្កាត់ការផលិត ការចែកចាយគ្រឿងញៀន ចេញពីតំបន់ត្រីកោណមាស ជាប់ព្រំដែនប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា និងទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនពីតំបន់ត្រីកោណមាស ចុះតាមដងទន្លេមេគង្គ បំណងចែកចាយទៅប្រទេសដទៃ។

មួយវិញទៀតទប់ស្កាត់ការនាំសារធាតុគីមីផ្សំ ពីប្រទេសដទៃតាមច្រកទន្លេមេគង្គយកទៅផលិតគ្រឿងញៀននៅតំបន់ត្រីកោណមាស ដែលគេបានវាយតំលៃថាជាកន្លែងផលិតគ្រឿងញៀនធំលំដាប់ទី២ក្នុងពិភពលោក៕ធ.ដ

ដោយ៖សាវ៉ុន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner