ពលរដ្ឋក្រីក្រឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាចទទួលបានប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាល
នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមជាវ តាយអភិបាលខេត្តកំពតបាននាំយកប័ណ្ណសមធម៌ទៅប្រគល់ជូនដល់ដៃ គ្រួសារប្រជាពលរដ្ឋ ចំនួន៦២គ្រួសារ រស់នៅក្នុងឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងបានយកចិត្តទុកដាក់លើវិស័យសង្គមកិច្ច និងសេវាគាំពារសង្គម ជាពិសេសដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ រីករាលដាលជាសកល ធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើន ជាពិសេសវិស័យទេសចរណ៍ និងសេវាកម្មផ្សេងៗ នាំឲ្យមានការបាត់បង់ការងារធ្វើមួយចំនួន។ ដើម្បីជួយស្រោចស្រង់ជីវភាពពលរដ្ឋ សម្តេចបានបញ្ចេញនូវសាច់ប្រាក់ផ្តល់ជូនប្រជាពលរដ្ឋតាមរយៈការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ។
ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើបងប្អូនគ្រួសារទាំងអស់ដែលមកទទួលយកប័ណ្ណសមធម៌នាពេលនេះថា សូមរក្សាទុកប័ណ្ណសមធម៌នេះឲ្យបានល្អ ព្រោះថាប័ណ្ណនេះមិនត្រឹមតែអាចយកមកប្រើប្រាស់សម្រាប់បើកប្រាក់ប្រចាំខែប៉ុណ្ណោះទេ ប័ណ្ណនេះក៏អាចយកទៅប្រើប្រាស់តាមការចាំបាច់ផ្សេងៗដូចជា ការពិនិត្យ និងព្យាបាលសុខភាពនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដោយមិនគិតថ្លៃ។
ប្រធានមន្ទីរផែនការខេត្តកំពត លោកមឿង គង្គា បានបញ្ជាក់ថា តាមការចុះអង្កេតស្ដីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១១ របស់មន្ត្រីជំនាញ ក្នុងកំឡុងពេលនៃស្ថានភាពប្រយុទ្ធប្រឆាំងកូវីដ១៩ នៅក្នុងក្រុង ស្រុកទាំង៨ នៃខេត្តកំពត បានរកឃើញពលរដ្ឋក្រីក្រ សរុបប្រមាណ ២៣.២១៥គ្រួសារ ក្នុងនោះ(ក្រ១) ចំនួន១០.៧១៣គ្រួសារ, (ក្រ២) ចំនួន ១២.៥០២គ្រួសារ។ ដោយឡែកឃុំស្វាយទងខាងត្បូង នៅក្នុងដំណាក់កាលកូវីដ-១៩ នេះ ក្រុមការងារកំណត់បាននូវគ្រួសារក្រីក្រពិតប្រាកដចំនួន ១១០គ្រួសារ ក្នុងនោះ (ក្រ១) ចំនួន២៨គ្រួសារ (ក្រ២)ចំនួន៨២គ្រួសារ ហើយអាជ្ញាធរឃុំបានចែកប័ណ្ណជូនប្រជាពលរដ្ឋកន្លងមកបានចំនួន ៤៨គ្រួសារ និងបន្តចែកជូនចំនួន៦២គ្រួសារបន្ថែមទៀតក្នុងពេលនេះ ដែលក្រ១ ចំនួន ៧គ្រួសារ និងក្រ២ ចំនួន ៥៥គ្រួសារ៕ Sila sarin









