ក្រុមហ៊ុន ONE MORE MANUFACTURING ចេញយុទ្ធនាការផ្សព្វផ្សាយផលិតផល “មីជាតិ”រយៈពេល២សប្តាហ៍នៅតាមបណ្តោយដងផ្លូវធំៗទូទាំងខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដើម្បីជំរុញទៅដល់ការផ្សព្វផ្សាយ និង បញ្ជ្រាបព័ត៌មានអំពីផលិតផលដ៏ថ្មី និង មានគុណភាពរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ជាក្រុមហ៊ុនផលិត“មីជាតិ” បានរៀបចំកម្មវិធីប្រកាសយុទ្ធនាការផ្សព្វផ្សាយថ្មីមួយទៀត ដើម្បីឲ្យប្រជាជនបានស្គាល់ និង មានឱកាសភ្លក្សរសជាតិដោយផ្ទាល់នូវផលិតផលដែលមានគុណភាពរសជាតិបែបខ្មែរមួយនេះ ។

ថ្លែងក្នុងកម្មវិធីប្រកាសយុទ្ធនាការផ្សព្វផ្សាយថ្មី ដែលរៀបចំឡើងនៅបរិវេណទីក្រុងកោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. បានមានប្រសាសន៍ថា “មីជាតិជាសម្មិទិផលថ្មី ដែលប្រជាជនភាគច្រើន អាចនឹងមិនទាន់បានស្គាល់នៅលើទីផ្សារកម្ពុជានៅឡើយ ។ នេះជាបញ្ហាចម្បងមួយដែលក្រុមហ៊ុនបានព្យាករណ៍រួចមកហើយ និង បានបង្កើតនូវកម្មវិធីជាច្រើនដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋខ្មែរអំពីផលិតផលមីជាតិនេះ ។

លោកជំទាវបន្តថា យុទ្ធនាការផ្សព្វផ្សាយមីជាតិនៅថ្ងៃនេះ ជាកម្មវិធីមួយដែលយើងរំពឹងទុកថា នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសនៅរាជធានីភ្នំពេញបានស្គាល់ និង ភ្លក្សនូវរសជាតិនៃស្នាដៃខ្មែរមួយនេះ ។លោកជំទាវបន្ថែមថា យុទ្ធនាការថ្មីនេះ ធ្វើឡើងតាមរយៈការជិះកង់ និងតុកតុកដើម្បីចែកចាយមីជាតិដោយឥតគិតថ្លៃនៅតាមផ្សារ សាលារៀន និងទីសាធារណៈ ឬទីប្រជុំជនដែលមានទីធ្លាទូលាយនៅតាមបណ្តោយដងផ្លូវធំៗទូទាំងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ។

ក្នុងនោះ ក្រុមហ៊ុនបានរៀបចំមីជាតិជាច្រើនកេស កង់ចំនួន៦០ និងតុកតុកចំនួន៣០ ដែលចែកចេញជា៦ក្រុម និង មានបិតស្លាកសញ្ញាមីជាតិជាសម្គាស់ ដើម្បីធ្វើការផ្សព្វ ផ្សាយក្នុងរយៈពេលពីរសប្តាហ៍ គិតចាប់ពីថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ។

ជាមួយគ្នានេះ លោកជំទាវនាយិកាក្រុមហ៊ុនបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់សូមចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក ។
សូមបញ្ជាក់ថា ក្រោមពាក្យស្លោកថា “មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ” មីជាតិត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្រ្ចាំ និងរសជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ ។ ការរួមផ្សំជាមួយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ព្រមទាំងវត្ថុធាតុដើម និងគ្រឿងផ្សំក្នុងស្រុក និងបរទេស គឺជាគុណតម្លៃ ដែលក្រុមហ៊ុនផលិតមីជាតិបានប្តេជ្ញាចិត្តយ៉ាងហ្មត់ចត់ដើម្បីធានានូវគុណភាព អត្ថប្រយោជន៍ និងរសជាតិដើម្បីខ្មែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner