អនុប្រធានក្រុមការងារ ៖ វ៉ាក់សាំងជួយសង្គ្រោះជីវិត និងជួយបង្កើន សេដ្ឋកិច្ចជាតិ
ត្បូងឃ្មុំ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សប្រ ជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារ ទី៨ មីនា ឆ្នាំ២០២២ នេះ បានជំរុញឲ្យប្រជាពលរដ្ឋ និងនាំកុមារចាប់ពី អាយុបី(០៣)ឆ្នាំ ឡើងទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការ ជំងឺ កូវីដ-១៩ តាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ឲ្យបានគ្រប់គ្នា។


ឯកឧត្តមជំរុញបែបនេះក្នុងពេល ឯកឧត្តម និងក្រុមការងារ ចុះមូលដ្ឋានឃុំព្រះធាតុស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងពិធីជួបសំណេះ សំណាលជាមួយក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពព្រះធាតុ កំពុងបំពេញការងារចល័តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងភូមិថ្មីកណ្តាល ឃុំព្រះធាតុ, ស្រុកអូររាំងឪ ។


ឯកឧត្តម បានបញ្ជាក់ថារាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ យុទ្ធវិធី ប្រកបដោយភាពឈ្លាសវៃ សង្គ្រោះអាយុជីវិតរបស់ ប្រជាជនទូទាំងប្រទេស ទាំងទីក្រុង ទាំងទីជនបទឲ្យរួចផុតពី គ្រោះហានិភ័យនេះ។ ដូចនេះ វ៉ាក់សាំងមានសារៈសំខាន់ ខ្លាំងណាស់ វាអាចជួយយើងឱ្យចៀសផុតពីការស្លាប់បាត់បង់ ជីវិតពីជំងឺកូវីដ-១៩ និងបានជួយបង្កើនភាពស៊ាំនៅក្នុងសហគមន៍ របស់យើង ដែលរួមចំណែកដល់ការបើកសេដ្ឋកិច្ចសង្គម ឡើងវិញ ចាប់តាំងពីថ្ងៃទ០១ ខែវិច្ឆិកាឆ្នាំ២០២១។
សូមបញ្ជាក់ថា ក្នុងឱកាសនោះឯកឧត្តមក៏ បានឧបត្ថម្ភថវិកាលើក ទឹកចិត្តមួយចំនួនដល់ក្រុមគ្រូពេទ្យប្រចាំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ៕ ដោយ ៖ គ្រី សម្បត្តិ










