មន្រ្តីនគរបាលសរុប ៣០នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិ
ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិជូនមន្រ្តីនគរបាលសរុប ៣០នាក់ដើម្បីលើកទឹកចិត្តបង្កើនប្រសិទ្ធភាពការងារជូនអង្គភាពនិងបំរើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ពិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ និងទទួលពង្រឹងដឹកនាំការងារអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ គឺបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងមន្រ្តីនគរបាលចំនួន ១៨រូប រួមមាន ថ្នាក់អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចំនួន ០១នាក់, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ០១នាក់, លោកនាយរងផ្នែកការិយាល័យជំនាញផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គីភ័យ និង លោកនាយរងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចំនួន ១០នាក់ និងលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៦នាក់ ។ តំឡើងឋានន្តរសក្តិចំនួន ១២នាក់ ថ្នាក់អនុសេនីយ៍ឯក ០៤នាក់, អនុសេនីយ៍ទោ ០៦នាក់, ព្រិន្ទបាលឯក០២នាក់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម បានចូលរួមអបអរសាទរ និងជំរុញមន្រ្តីនគរបាលដែលទើបទទួលបានតំណែងថ្មី និងតំឡើងឋានន្តរសក្តិនៅពេលនេះត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចជូនអង្គភាពនិងបំរើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ។ ជាពិសេសបន្តយកចិត្តទុកដាក់គោរពវិន័យកងកម្លាំងនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន មិនត្រូវប្រព្រឹត្តអ្វីដែលជាអំពើខុសច្បាប់នោះឡើយ។
លោកឧត្តមសេនីយ៍ស្នងការរង ក៏បានជំរុញ កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ត្រូវបន្តអនុវត្តលើការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារនគរបាលសហគមន៍ ឱ្យបានម៉ឺងម៉ាត់ ពីព្រោះការងារនេះជាការងារស្នូលសំខាន់ក្នុងការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាននាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ក្នុងនោះក៏បានជំរុញអនុវត្តលើការងារបង្ការទប់ស្កាត់និងបង្រ្កាបល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ឱ្យមានប្រសិទ្ធភាពផងដែរ ពីព្រោះបញ្ហាបទល្មើសទាំងនេះវាបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម និង ការរស់នៅរបស់ប្រជាពលរដ្ឋ៕ ដោយ ៖ គ្រី សម្បត្តិ




