ក្រុមប្រឹក្សាខេត្តរតនគិរី បន្តចុះរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ផ្ទាល់ជាមួយប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់  របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៩ដែលពិធីនេះបានធ្វើឡើងនៅភូមិឡាមុិញ ឃុំឡាមុិញ ស្រុកបរកែវ។

អង្គវេទិកានេះមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ឯកឧត្តម  សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លន់  សុភាព អភិបាលរងខេត្តរតនគិរី និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរ  អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងមានការចូលរួមពីសំណាក់ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ។

វេទិកានេះបានលើកពីការអនុវត្តមុខងាររបស់ក្រុមប្រឹក្សាខេត្ត ក្នុងនាមតំណាងរបស់ប្រជាពលរដ្ឋ កើតឡើងពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ក្នុងនោះបានយកប្រធានបទមួយចំនួន  រួមមាន៖  ការផ្តល់សេវាសុខាភិបាល  ការផ្តល់សេវាវិស័យអប់រំ បញ្ហាស្ថានភាពយេនឌ័រ សមធម៌សង្គម និងបរិយាប័ន្ន បញ្ហាវិស័យកសិកម្ម  ការផ្តល់ជូនសេវារបស់រដ្ឋបាលឃុំ សង្កាត់ ការផ្តល់សេវារបស់រដ្ឋបាលក្រុង ស្រុក និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។  

អង្គវេទិកានេះត្រូវបានដំណើរការយ៉ាងផុសផុល ដោយមានការចូលរួមលើកជាសំនួរ មតិយោបល់ សំណូមពរ ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ពីបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ និងមានការឆ្លើយតបពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរ  អង្គភាពជំនាញនានាជុំវិញខេត្ត ។

ឯកឧត្តម សុខ ហម និងឯកឧត្តម លន់ សុភាព មានប្រសាសន៍កត់សំគាល់ថា   វេទិការបស់ក្រុមប្រឹក្សាខេត្តត្រូវបានធ្វើឡើង០១ឆ្នាំម្តង សំដៅស្វែងរកដំណោះស្រាយ បញ្ហានានាផ្តោត
សំខាន់លើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ។ វេទិកានេះពិតជាមានសារៈសំខាន់ណាស់  សម្រាប់ក្រុមប្រឹក្សាខេត្តក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ស្វែងយល់អំពីសុខទុក្ខ បញ្ហានានារបស់ប្រជាពលរដ្ឋ  ហើយបញ្ហាជាច្រើនត្រូវបានអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយ សម្របសម្រួលជូនប្រជាពលរដ្ឋ ក្នុងនាមជាអ្នកទទួលខុសត្រូវ។

ដោយឡែកបញ្ហាសំណូមពរទាំងអស់ដែលប្រជាពលរដ្ឋបានលើកឡើង កាលពីឆ្នាំ២០១៨កន្លងទៅ ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្តបានដើរតួនាទីសម្របសម្រួលជាមួយអង្គភាព ជំនាញធ្វើការដោះស្រាយជូនប្រជាពលរដ្ឋបានរួចរាល់ ហើយសម្រាប់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងថ្មីៗនេះ  ក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំនាញនឹងបន្តខិតខំរិះរកវិធានការដោះស្រាយ  និងឆ្លើយតបឲ្យបានសមស្របចំពោះប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ ហម ក៏បានណែនាំជំរុញឲ្យអាជ្ញាធរស្រុក  ឃុំ គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រកបដោយភាពរុះរាយរាក់ទាក់ និងស្នាមញញឹម ដែលជាវប្បធម៌របស់ខ្មែរយើង  និងសូមចូលរួមអនុវត្តន៍ឲ្យបាននូវគោលនយោបាយភូមិ  ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យ មានប្រសិទ្ធិភាព៕ធ.ដ

ដោយគតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner