អនុរដ្ឋមន្ត្រីការពារជាតិអាហ្វ្រិកខាងត្បូង បង្ហាញពីគោលបំណង ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ការពារជាតិកម្ពុជា
ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយ ឯកឧត្តម ថាបាង ម៉ាកវីឡា ( Thabang Makwetla) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និង អតីតយុទ្ធជន នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ក្នុងឱកាសដែល បានមក ចូលរួមទស្សនាការតាំងពិព័រណ៍សន្តិសុខ និង ការពារជាតិ ដែលបានរៀបចំឡើង ដោយ ក្រសួង ការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅទីក្រុងបាងកក ឯកឧត្តម ថាបាង ម៉ាកវីឡា បានជំរាបជូន សម្តេចពិជ័យសេនា អំពីគោលបំណងធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយព្រះរាជា ណាចក្រ កម្ពុជាលើវិស័យការពារជាតិ និង វិស័យផ្សេងៗដ៏ទៃទៀតរវាង កម្ពុជា និង អាហ្រ្វិកខាងត្បូង ។ ឯកឧត្តម បានបញ្ជាក់ថា ៖ កម្ពុជា និង អាហ្រ្វិកខាងត្បូងគឺមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ២៥ ឆ្នាំមកហើយ ប៉ុន្តែប្រទេសទាំងពីរមិនបានអនុវត្ត ឬជំរុញកិច្ចសហប្រតិបត្តិការឲ្យមានផលប្រយោជន៍ដល់ប្រទេស ទាំងពីរនៅឡើយទេ ។ តាមរយៈជំនួបនោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការពារជាតិអាហ្វ្រិកខាងត្បូង បាន ស្នើ សុំសម្ដេចពិជ័យសេនា បន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រួមគ្នា រវាង ប្រទេស ទាំងពីរ ក្នុងនោះរួមមានទាំងវិស័យការពារជាតិផងដែរ ដើម្បីផលប្រយោជន៍ប្រទេស និង ប្រជាជនប្រទេសទាំងពីរ កម្ពុជា និង សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ។
ឆ្លៀតក្នុង ឱកាសនោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការពារជាតិអាហ្វ្រិកខាងត្បូង បានលើកឡើងអំពីឧស្សាហកម្មយោធា ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង នៅអាហ្រ្វិកខាងត្បូង ដែលក្នុងនោះរួមមានទាំង ឧបករណ៏ សំភារៈ ដោះបំផ្លាញគ្រាប់មីនផងដែរ ។
មានមតិឆ្លើយវិញសម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវក្តីសោមន្សរីករាយ ក្នុង ការ ពង្រឹងទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និង អាហ្រ្វិកខាង ត្បូង ។ សម្ដេចពិជ័យសេនា បានបញ្ជាក់ថា ៖ បច្ចុប្បន្ន កម្ពុជាមានមជ្ឈមណ្ឌលហ្វឹកហ្វឺនសម្រាប់ដោះ មីន ដែល បាន ដើតួនាទី យ៉ាងសំខាន់ ក្នុងការ ដោះ បំផ្លាញគ្រាប់មីន បានបន្សល់ទុក នៅកម្ពុជាកាល ពី សម័យ សង្រ្គាម ។ តាមរយៈជំនួបទ្វេភាគីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម ថាបាង ម៉ាកវីឡា ( Thabang Makwetla) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និង អតីតយុទ្ធជន នៃសាធារណរដ្ឋ អាហ្វ្រិក ខាងត្បូង បានយល់ស្របគ្នាថា នឹង ចាប់ផ្តើមពង្រឹងទំនាក់ទំនងកិច្ចសហការជាមួយគ្នារវាងកម្ពុជា និង សាធារណ រដ្ឋអាហ្វ្រិក ខាងត្បូង ។