សង្គមស៊ីវិលចិនចូលរួមលើកទឹកចិត្តដល់ការប្រើប្រាស់ចង្ក្រានបរិស្ថាន
កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចុះសិក្សាឈ្វេងយល់ពី ចង្វាក់ផលិតកម្មរបស់សិប្បកម្មផលិតចង្ក្រានព្រៃមាន់ ស្ថិតនៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
លោកស្រី វ៉ាន់ តុលា ម្ចាស់សិប្បកម្មផលិតចង្ក្រាន់ព្រៃមាន់បានជម្រាបថា ក្នុងគោលបំណងបង្កើនថាមពលកម្តៅដោយកាត់បន្ថយបរិមាណនៃការប្រើប្រាស់អុស-ធ្យូង ទើបលោកស្រី និងក្រុមការងារដែលបានទទួលមរតកពុទ្ធិនិងបទពិសោធន៍ពីក្រុមគ្រួសារលើជំនាញផលិតចង្ក្រានដោយប្រើប្រាស់អុស-ធ្យូងធ្វើការស្រាវជ្រាវ និងបានឈានទៅដល់ការបង្កើតបានចង្ក្រានបង្កើនថាមពលនិងសន្សំសំចៃ ឬកាត់បន្ថយបរិមាណនៃការប្រើប្រាស់អុស-ធ្យូង។
ចង្ក្រានដែលសិប្បកម្មព្រៃមាន់បានផលិត សុទ្ធសឹងទទួលបាននូវការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាពតាមរយៈមន្ទីរពិសោធន៍ផ្នែកថាមពលផងដែរ។ លោកស្រីបានបន្តជម្រាបថា ក្នុងរយៈពេល១ខែអាចផលិតបានចង្ក្រានប្រមាណ ១០០០ចង្ក្រាន ដោយសារតែបច្ចេកទេសនៃការផលិតត្រូវប្រើប្រាស់កម្លាំងពលកម្មមនុស្សស្ទើរទាំងស្រុង ហើយបរិមាណនេះនឹងអាចថយចុះប្រសិនជាស្ថិតនៅក្នុងរដូវវស្សា។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនវានុវត្តភាពនៃបទពិសោធន៍ការងាររបស់លោកស្រីនិងក្រុមការងារ ហើយលោកបណ្ឌិតនឹងខិតខំស្វះស្វែងរកជំនួយឧបត្ថម្ភនានាពីសង្គមស៊ីវិលរបស់ប្រទេសចិនដើម្បីជួយទ្រទ្រង់ដល់ចង្វាក់ផលិតកម្មនេះ និងចូលរួមបន្តការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ចង្ក្រានឱ្យបន្តប្រើប្រាស់នូវផលិតផលក្នុងស្រុក និងរួមគ្នាដើម្បីចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់អុស-ធ្យូង៕ ដោយ ង៉ាន់ ទិត្យ







