ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលជាង ៩០លាន រៀល ត្រូវបានផ្តល់ជូនគ្រួសារសព នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទចំនួន ៣គ្រួសារ
ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃអង្គារ ទី ១៥ ខែមីនានេះននៅនាយកដ្ឋានកិច្ចការយោធាស៊ីវិល ក្នុងក្រសួងការពារជាតិ ឧត្តម សេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ បានប្រគល់ប្រាក់បូជាសពរបស់ក្រសួងការពារជាតិចំនួន ជាង ៩០លាន រៀល ជូននាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទចំនួន ៣គ្រួសារ ដែលបានទទួលមរណៈភាព កន្លងទៅថ្មីៗ នេះដោយរោគាពាធ។
ឯកឧត្តមប្រធានប្រតិភូក៏បានបញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភសម្រាប់ ពិធីបុណ្យសពនេះ គឺជាការគិតគូដ៏ខ្ពង់ខ្ពស់ពី សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពីសម្តេចពិជ័យសេនា និងពីនាយឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចជាកាល សម្តេចទាំទ្វេរតែងបានគិត គូរនិង យកចិត្តទុកដាក់បំផុត ចំពោះ សុខទុក្ខ យោធិនគ្រប់រូប និងបានផ្តល់ការលើកទឹកចិត្តដោយតម្លើងឋានន្តរសក្តិមួយថ្នាក់ មុននឹងយោធិនទាំងនោះ ចេញពីជួរទៅរស់នៅក្នុងជីវភាពស៊ីវិលវិញ ទោះស្ថិត ក្នុងការគ្រប់គ្រង ឬ ចូលនិវត្តន៍ហើយក៏ដោយ ។
ឯកឧត្តម សៅ សារឿន បានប្រគល់ ជូនថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់គ្រួសារសពទាំងបីគ្រួសារ ទី១ លោកស្រី សួង សោភ័ណ ជាភរិយា ឧត្តមសេនីយ៍ទោ ចាន់ សំអាត ជាអនុប្រធានក្រុមស្រាវជ្រាវជំនាញភស្តុភាព និងហិរញ្ញវត្ថុ អគ្គបញ្ជាការ ខ.ភ.ម ជាង ៣០លានរៀល ទី២ លោកស្រី អ៊ុក វណ្ណា ជាភរិយា ឧត្តមសេនីយ៍ទោ អ៊ូង បញ្ញា នាយករង វិទ្យាស្ថានប្រវត្តិសាស្ត្រយោធា នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ជាង ៣០លានរៀល និងទី៣ ផ្តល់ជូនលោកស្រី ឌឹម សូដានី ជាភរិយា ឧត្តមសេនីយ៍ត្រី មុំ ប៊ុនថា ជាជំនួយការ ឧត្តមសេនីយ៍ឯក នាង អេង ជាង ៣០លានរៀល ៕ ប្រភព ៖ ខ.ភ.ម








