មន្ទីរកិច្ចការនារីខេត្តកែប រៀចចំពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២
ខេត្តកែប ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ មន្ទីរ កិច្ចការនារីខេត្តកែប បានរៀបចំពិធី អបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” នៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សា ឯកឧត្តម បណ្ឌិត សោម ពីសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា ។
លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ដើម្បីឆ្លើយតប នឹងវិស័យយុទ្ធសាស្រ្តកិច្ចការពារផ្លូវច្បាប់លើស្រ្តី និងកុមារ មន្ទីរកិច្ចការនារីបានអនុវត្តភារកិច្ចរបស់ខ្លួនចូលរួមចំណែកធ្វើឱ្យស្រ្តី និងកុមារ ទទួលបានកិច្ចការពារតាមផ្លូវច្បាប់ដោយស្មើភាព និងធ្វើការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ ការរំលោភបំពានលើស្រ្តី និងកុមារ។ ក្នុងនោះបានបើកវគ្គបណ្តុះបណ្តាល ស្តីពីការទប់ស្កាត់ការរំលោភបំពានបានចំនួន ០៣លើក មានអ្នកចូលរួម ១០៥នាក់ ស្រី៩០ នាក់ ចុះស្រង់ទិន្នន័យអំពើហិង្សាក្នុងគ្រួសារចំនួន ០៣លើក ការទប់ស្កាត់រំលោភសេពសន្ថវៈ មាន ០៤ករណី ធៀបនឹងឆ្នាំ២០២០ មានការកើនឡើង០២ករណី។
បន្ទាប់ពីលោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”ដែលមានខ្លឹមសារអំពាវនាវ អោយមន្ទីរអង្គភាពតាមបណ្តាខេត្ត បន្តពង្រឹងសមភាពយេនឌ័រជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ដើម្បីអោយស្រ្តី និងក្មេងស្រីគ្រប់រូបកាន់តែទទួលបាននូវកាលានុវត្តនភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលជាវិធានអាទិភាពដើម្បីសម្រេចតាមចក្ខុវិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញ ៕ ប្រភព ៖ ខេត្តកែប





























