អភិបាលខេត្តព្រះសីហនុ ជំរុញក្រុមហ៊ុនធ្វើផ្លូវទាំង៣៤ខ្សែឲ្យពន្លឿនការចុះពិនិត្យផលប៉ះពាល់លើបញ្ហាបណ្តាញអគ្គិសនីតាមដងផ្លូវ ដើម្បីធានាការស្ថាបនាផ្លូវតាមអ្វីដែលបានគ្រោងទុក
ព្រឹកថ្ងៃចន្ទ ៧រោជ ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំដោះស្រាយបញ្ហា ប្រឈមអគ្គិសនី លើគម្រោងស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងក្រុង ខេត្តព្រះសីហនុ ដោយមានការចូល រួមដោយក្រុមហ៊ុនចំនួន៨ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ។
យោងតាមកិច្ចប្រជុំ បញ្ហាប្រឈមរបស់អគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ មានដូចជា ១.បង្គោល LV-9m ចំរុះ ចំនួន ៦៩២ដើម, ២.បង្គោល MV-12mចំរុះ ចំនួន ៦១៣ដើម, ៣.បង្គោល MV-14m ចំរុះ ចំនួន ២៥០ដើម, ៤.ខ្សែបណ្តាញអាកាស LV ប្រវែង ២២.៧១៥ម៉ែត្រ, ៥.ខ្សែបណ្តាញកប់ដី LV ប្រវែង ៤៥០ម៉ែត្រ, ៦.ខ្សែបណ្តាញអាកាស MV ប្រវែង ១៣៦.៩៤៩ម៉ែត្រ, ៧.ខ្សែបណ្តាញកប់ដី MV ប្រវែង ២១.០៨៥ម៉ែត្រ, ៨.Load Breaking Switch ចំនួន ១៨គ្រឿង, ៩. Auto Recloser ចំនួន ១១គ្រឿង, ១០.តំណចុងកាប្លិ៍ ចំនួន ១២២តំណ, ១១.ត្រង់ស្វូរលើបង្គោល ចំនួន ១៧៦គ្រឿង, ១២. ទូរចល័តចំនួន ២៧គ្រឿង, ១៣.បន្ទប់ភ្លើង ចំនួន ០៩ខ្នង, ១៤ប្រអប់នាឡិកាស្ទង់ ចំនួន ១.៤៧៩ប្រអប់ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុនសាងសង់ផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ត្រូវដាក់មន្ត្រីបច្ចេកទេសប្រចាំការនៅតាមការដ្ឋាន នានាដើម្បីដោះស្រាយផលប៉ះពាល់បានទាន់ពេលវេលា និងត្រូវរួមគ្នាដោះជាកញ្ចប់ទើបការងារ ស្ថាបនាផ្លូវប្រព្រឹត្តិទៅរលូនតាមការគ្រោងទុក ។
ឯកឧត្តមបានណែនាំដល់ក្រុមហ៊ុនទាំង៨ បន្ថែមទៀតថា៖
១.ក្រុមហ៊ុនស្ថាបនាផ្លូវទាំង០៨ក្រុមហ៊ុន ផ្តល់លទ្ធផលសិក្សាវាស់វែង ឱ្យបានលឿនបញ្ជូនមកខាងអគ្គិសនីខេត្ត និងមន្ទីរជំនាញ ដើម្បីយើងពន្លឿនកិច្ចការបានទាន់ពេលវេលា។
២.ចុះស្រង់ រកទីតាំងថ្មីបន្ទប់ភ្លើងចំនួន ០៨ តាមនិយាកាម ដើម្បីសម្រួលការងារស្ថាបនាផ្លូវ។
៣.ត្រង់ស្វូលើបង្គោលមាន ១៧៦គ្រឿង ត្រូវរកទីតាំងដោះស្រាយបន្ទាន់។
៤.ពិនិត្យបង្គោលជាង ១.០០០ដើម រកទីតាំងបញ្ចៀសផលប៉ះពាល់ដល់ក្រុមការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ បានលឿនតាមការគ្រោងទុក ដើម្បីធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាខេត្តដ៏មានសក្តាបុពលសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាយើង៕ធ.ដ
