លោកបណ្ឌិត គិន ភា ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជាមានលក្ខណៈជាវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ
ភ្នំពេញៈ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជានិងជាអ្នកវិភាគ បានមានប្រសាសន៍ប្រាប់ AMS ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនមកកម្ពុជា គឺមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ផ្តល់អត្ថន័យជាពិសេសសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ហើយកម្ពុជា និងជប៉ុន មានទំនាក់ទំនងនឹងគ្នាជាយូរអង្វែងមកហើយ និងមានប្រវត្តិទំនាក់ទំនងជាផ្លូវនៃប្រទេសទាំងពីរតាំងពីឆ្នាំ១៩៥៣ ។

លោកបញ្ជាក់ថា ចំណុចដែលគួរឲ្យកត់សម្គាល់មួយ គឺនៅឆ្នាំ១៩៥៤ ប្រទេសកម្ពុជាបានបោះបង់នូវសិទ្ធិទាមទារសំណងពីប្រទេសជប៉ុនចំពោះការចូលលុកលុយ របស់ខ្លួននៅក្នុងដំណាក់កាលសង្គ្រាមលោកលើកទី២ ។ ការបោះបង់សិទ្ធិរបស់កម្ពុជាក្នុងការទាមទារសំណងពីជប៉ុននេះ វាហាក់ដូចជាបំណុលនយោបាយមួយដែលជប៉ុនតែងតែជំពាក់កម្ពុជា ហើយតែងតែមានសមានចិត្តចំពោះប្រទេសកម្ពុជា។ចាប់តាំងពីការភ្ជាប់ចំណងការទូតឡើង វិញនៅឆ្នាំ១៩៩២ ជាបន្តបន្ទាប់មកឃើញថា ទំនាក់ទំនង រវាង ប្រទេសទាំងពីរមានការរីកចម្រើនការអភិវឌ្ឍជាលំដាប់។ជប៉ុនបាន ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងដំណើរការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការស្តារនិងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។
លោកបន្តថា ចំណុចសំខាន់មួយនៅឆ្នាំ១៩៩២ គឺប្រទេសជប៉ុនបានបញ្ជូន កងកម្លាំង រក្សាសន្តិភាពរបស់ខ្លួនមកក្រៅប្រទេសជាលើកទី១គឺ មកប្រទេសកម្ពុជា ។ឆ្នាំនេះ អាចចាត់ទុកថា ជាខួបទី៣០ឆ្នាំ នៃ PKO គឺកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុន ចេញក្រៅប្រទេស ពីព្រោះយើងដឹងហើយថា ក្រោយសង្គ្រាមលោកលើកទី២ តាមរយៈរដ្ឋធម្មនុញ្ញសន្តិភាពរបស់ខ្លួន គឺប្រទេសជប៉ុនមិនអាចបញ្ជូនកងកម្លាំងរបស់ខ្លួនចេញក្រៅប្រទេសបានទេ គឺជប៉ុនអាចមានត្រឹមតែកងកម្លាំងស្វ័យត្រាណសម្រាប់ការពារខ្លួនផ្ទៃក្នុង តែប៉ុណ្ណោះ។ ក៏ប៉ុន្តែបេសកម្មរក្សាសន្តិភាពនៅកម្ពុជា គឺបាន ច្រកបើកឱកាសឲ្យប្រទេសជប៉ុនបានបញ្ជូនកកម្លាំងរបស់ខ្លួនមកក្រៅប្រទេសមកប្រទេសកម្ពុជា ហើយកាន់ តែ ពិសេសជាងនោះទៅទៀត គឺប្រមុខរបស់អាជ្ញាធរ បណ្តោះអាសន្នរបស់អង្គការសហ ប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ជាជនជាតិជប៉ុន ដែលបាន ដឹកនាំបេសកកម្មរបស់អង្គការ សហប្រជាជាតិនៅកម្ពុជា ដឹកនាំការបោះឆ្នោត ជ្រើសរើសសភាធម្មនុញ្ញក្រោយមកក្លាយជារដ្ឋសភា ហើយបាននាំមកនៅរបបរាជាធិបតេយ្យ សេរីពហុបក្សនៅក្នុង ប្រទេសកម្ពុជា។
លោកបណ្ឌិតបានបន្តថា នៅឆ្នាំ២០២២ នេះ គឺខួប ៧០ ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងជប៉ុន ។ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនឹងធ្វើ ឲ្យទំនាក់ទំនងរវាង ប្រទេសទាំងពីរកាន់តែមានការវិវឌ្ឍឈានឡើងបន្ថែមទៀត ។យើង ឃើញផងដែរ រវាងកម្ពុជានិងជប៉ុនមានកិច្ចការនៅក្នុងតំបន់ជាច្រើនដែលប្រទេសទាំងពីរត្រូវការគ្នាទៅវិញទៅមកដូចជា បញ្ហានៅមីយ៉ាន់ម៉ាក៏ជប៉ុនបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនបាន លើកឡើងនៃមេរៀននយោបាយឈ្នះឈ្នះរបស់កម្ពុជា ជប៉ុនចង់ឃើញមេរៀននេះអនុវត្ត នៅប្រទេសមីយ៉ាន់ម៉ា។ ពាក់ព័ន្ធបញ្ហាអ៊ុយក្រែន និងរុស្ស៊ី ក៏សុទ្ធ តែជាបញ្ហាដែលប្រទេសទាំងពីរគប្បីធ្វើការជាមួយគ្នា។ ឆ្នាំនេះជាឆ្នាំពិសេស ដែលប្រទេសកម្ពុជាជាប្រធានអាស៊ានផង ដូច្នេះសំឡេងរបស់កម្ពុជាមានសារៈសំខាន់ណាស់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
លោកបណ្ឌិត គិន ភាព បាន បន្តទៀតថា យើងត្រូវដឹងថា ជប៉ុនគឺជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ហើយការធ្វើទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនមកកម្ពុជា គឺមានអត្ថ ន័យបែបភូមិសាស្ត្រនយោបាយ ផង ពីព្រោះយើៅតំងឃើញថាក្រៅតែ ពីការ ប្រកួតប្រជែងឥទ្ធិពលរបស់ខ្លួនរវាងចិន និងជប៉ុន នៅតំបន់អាស៊ីជប៉ុន ក៏រួមចំណែកសកម្មជាមួយអាមេរិកនៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ ប៉ាស៊ីហ្វិក សេរីនិងបើកជំហរ ដែលយុទ្ធសាស្ត្រនេះជាយុទ្ធសាស្ត្រក្នុងការទប់ឥទ្ធិពលចិន ឬឡោមព័ន្ធចិន។ ក៏ប៉ុន្តែក្នុងដំណើរការទូតរបស់ខ្លួនជាមួយប្រទេសកម្ពុជា ជប៉ុនតែងតែអនុវត្តការទូតមួយដ៏ស្រទន់ដែល គេហៅថា ប្រតិកម្មរបស់ខ្លួន ឬទស្សនៈផ្នែកការទូតរបស់ជប៉ុនចំពោះកម្ពុជា គឺ ធ្វើឡើងដោយមានភាពប្រយ័ត្នប្រយែងខ្ពស់បំផុត។
ជារួមលោកអាចវាយតម្លៃបានថា ដំណើរទស្សនកិច្ចនេះ គឺមានលក្ខណៈ ជា វិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា និងជប៉ុន ហើយ ក៏វាផ្តល់ផលវិជ្ជមានផងដែរ ក្នុងក្របខណ្ឌពហុភាគីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រាប់កិច្ចការតំបន់ និងអន្តរជាតិ៕ដោយ: ពលជ័យ