ក្រុមបាល់ទាត់ស ស.យ.ក ខេត្ត កំពង់ចាម ក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី១
ការប្រកួតកីឡាបាល់ទាត់មពានរង្វាន់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី១ ដែលរៀបចំ ដោយក្រុមហ៊ុន Azimah Rubber សហការជាមួយអាជ្ញាធរ ខេត្ត ត្បូងឃ្មុំ ស្ថិតនៅក្នុងទីលានបាល់ទាត់ ភូមិពោធិរោងលើ ឃុំ កោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល១០ថ្ងៃ បានស្វែងរកឃើញក្រុមម្ចាស់ជើងឯកគឺក្រុមបាល់ទាត់ ស ស.យ.ក ខេត្ត កំពង់ចាម ដោយយកឈ្នះក្រុមបាល់ទាត់រស្មីសន្តិភាពពង្រ១ ក្នុងលទ្ធផល ១ទល់០ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នាល្ងាច ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២។
លោក នៅ សារី អគ្គនាយកក្រុមហ៊ុន Azimah Rubber ដែលទទួលបន្ទុករៀបចំ បានបញ្ជាក់ឲ្យដឹងថា ការប្រកួតនេះ បានដំណើរការប្រកួតអស់រយៈពេល១០ថ្ងៃ មានក្រុមចូលរួមប្រកួតចំនួន៣២ក្រុម ខេត្តត្បូងឃ្មុំម្ចាស់ផ្ទះមាន១៨ក្រុម កំពង់ចាម៧ក្រុម ក្រចេះ ៤ក្រុម រតនៈគិរី២ក្រុម និងខេត្ត ស្ទឹងត្រែងមាន១ក្រុម សរុបតំណាងក្រុមនិងកីឡាករចូលរួមចំនួន៦៤០នាក់ ។


លោកអគ្គនាយក បានពន្យល់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី១នេះ ត្រូវបានរៀបចំបង្ហាញការគាំទ្របេក្ខភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត ។ ព្រឹត្តិការណ៍ប្រកួតមួយនេះ បានរៀបចំឡើងក្នុងគោលដៅឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីឲ្យប្រទេសកម្ពុជាកាន់តែអភិវឌ្ឍទៅមុខរីកចំរើន ពិសេស គឺបន្តស្មារតីគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគ ដើម្បីឲ្យការដឹកនាំប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជាទទួលបានសុខសន្តិភាព ជាម្លប់របស់ប្រជាជនកម្ពុជាទាំងអស់ ។ លោក បានបញ្ជាក់ទៀតថា ការប្រកួតមួយនេះ ក៏ជាការចូលរួមចំណែកមួយយ៉ាងសំខាន់ផងដែរ នៅក្នុងការបញ្ជាបផ្សព្វផ្សាយអំពីច្បាប់លក្ខន្តិកៈរបស់ច្បាប់បាល់ទាត់អន្តរជាតិ ដើម្បីឲ្យកីឡាករយើងលេងចេះគោរពច្បាប់ និងវិន័យបាល់ទាត់អាជីពចូលរួមជម្រុញឲ្យវិស័យកីឡានៅកម្ពុជាកាន់តែរីកចំរើន ។ ជាមួយគ្នានេះ លោក នៅ សារី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី ដែលបានបញ្ជូនក្រុមកីឡាបាល់ទាត់២ក្រុមកឺក្រុមយុវជនស្រឡាញ់សន្តិភាពរតនគីរី និងក្រុមយុវជនឥន្រ្ទី១០០ហត្ថ ចូលរួមដណ្តើមពាន់រង្វាន់ កឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី១នេះ ។


ឯកឧត្តម ឡា ឡៃ តំណាង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងការកោតសសើរនិងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការ និងក្រុមការងារ ពិសេស ក្រុមហ៊ុន Azimah Rubber ដែលបានខិតខំរៀបចំគាំទ្រ ការប្រកួតចាប់ពីថ្ងៃបើកការប្រកួតរហូតបញ្ចប់ ដោយជោគជ័យ ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមូលដ្ឋាន និងគណៈអភិបាលខេត្តត្បូងឃ្មុំដែលបានចូលរួមគាំទ្រសហការផ្តល់កម្លាំងការពារ និងគាំទ្រជាថវិកាប្រកួតធ្វើការប្រកួតបញ្ចប់ទៅដោយជោគជ័យ ប្រកបដោយ សាមគ្គីភាព មិត្តភាព។


ឯកឧត្តម ឡា ឡៃ លើកឡើងទៀតថា តាមរយៈការប្រកួតប្រជែងអស់រយៈពេល១០ថ្ងៃកន្លងមកនេះ កីឡាករពិតជាបានឈរលើស្មាតីទទួលខុសត្រូវខ្ពស់ ចេះគោបទបញ្ជាបច្ចេកទេសការប្រកួត ចេះស្រលាញ់យោគយល់អធ្យាស្រាយគ្នា ជាពិសេស គឺបានឆ្លុះបញ្ចាំងពីការចូលរួមលើកកម្ពស់វិស័យកីឡាឲ្យមានការអភិវឌ្ឍឈានទៅជាលំដាប់។ទឹកចិត្តនិងស្មារតីកីឡាករបានបង្ហាញថា ការចាញ់ឈ្នះមិនមែនជាលទ្ធផលសំខាន់ទេ ។ ចំណុចដែលសំខាន់នោះ គឺ ឲ្យតែបានជួបជុំគ្នារាប់អានគ្នា និងស្រលាញ់គ្នា ដើម្បីសាមគ្គីភាព មិត្តភាព សុខភាព ឈានទៅរួមគ្នា ដើម្បីអភិវឌ្ឍវិស័យកីឡា និងការថែក្សាសន្តិភាព។
ឆ្លងកាត់ការប្រកួតអស់រយៈពេល១០ថ្ងៃជាលទ្ធផល ក្រុមបាល់ទាត់ ស ស.យ.ក ខេត្ត កំពង់ចាមដណ្តើមបានចំណាត់លេខ១ ទទួលពាន១ មេដាយមាស បាល់២ ខោអាវកីឡា១ឈុត ថវិកា២៨លានរៀល ក្រុមចំណាត់លេខ២ ក្រុមបាល់ទាត់រស្មីសន្តិភាពពង្រ១ ទទួលបានថវិកា ១៦លានរៀល បាល់២ ខោអាវ១ឈុត និងមេដាយប្រាក់ ក្រុមចំណាត់លេខ៣ យុវជនសាលាអន្តរជាតិអាល់ រ៉ះម៉ាស់ ទទួលបានថវិការ៨លានរៀល បាល់២ ខោអាវ និងមេដាយសំរិទ្ធ និងក្រុមចំណាត់លេខ៤ យុវជនរក្សាសន្តិភាពពោធិរោងលើ ទទួលបានវថិកា៤លានរៀល បាល់២ ខោអាវ១ឈុត៕ អត្ថបទ៖ ជាវ ចន្ធូ










