ជនសង្ស័យម្នាក់ធ្វេីសកម្មភាពកាប់ប្លន់យកទូរស័ព្ទដៃពីយុវជនម្នាក់តែមិនសម្រេច ត្រូវជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីធ្វើសកម្មភាពដេីរទៅកាប់ប្លន់យកទូរស័ព្ទដៃពីយុវជនម្នាក់មិនបានសម្រេច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកជាប្រាំ តាមបណ្តោយផ្លូវ៤៣២កែងនិងផ្លូវ៤៣០ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ឈៀង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះសូមមិនបញ្ចេញឈ្មោះដោយជិះម៉ូតូម៉ាកសង់ប៊ិចពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BE.5369ជិះតែម្នាក់ឯង។

បេីតាមសម្ដីយុវជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់បានចេញពីហូបអីជាមួយមិត្តភ័ក្តិ ហើយក៏បែកគ្នាចេញទៅផ្ទះរៀងៗខ្លួន រូបគាត់ធ្វើដំណើរតាមបណ្តោយផ្លូវ៤៣២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ឈប់ម៉ូតូនិយាយទូរស័ព្ទស្រាប់តែលេចមុខជនសង្ស័យយកស័ង្កសីដែលកែច្នៃធ្វើជាដាវដេីរមកកាប់ទៅលើរូបគាត់ បំណងយកទូរស័ព្ទ ឯគាត់ក៏តដៃវ៉ៃទៅវិញទៅមកបណ្ដាលឲ្យគាត់ធ្លាក់ពីលើម៉ូតូរលាត់ដៃជើងបែកមុខបែកមាត់ ហើយក៏ស្រែកឲ្យប្រជាពលរដ្ឋជួយ ចាប់ជនសង្ស័យខាងលេីបានប្រគល់ឲ្យសមត្ថកិច្ច។

ដោយឡែកជនសង្ស័យខាងលេីក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្លន់យុវជននេះពិតប្រាកដមែនដោយសារតែខ្លួនមិនមានលុយជក់គ្រឿងញៀនបន្ត។ បច្ចុប្បន្ននេះ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ យកទៅសួរនាំ និងចាត់ការតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner