សម្ដេចប្រមុខរាជរដ្ឋាភិបាល៖ អ្វីដែលកម្ពុជាចង់បាន ក្នុងនាមជា ប្រធានអាស៊ាន គឺការបើកដំណើរការ សេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងពេលកំពុងរៀនរស់នៅជាមួយកូវីដ-១៩
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែល កម្ពុជា ចង់បាន ក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការ សេដ្ឋកិច្ច អាស៊ានឡើងវិញ ក្នុងកាលៈទេសៈ កំពុងរៀនរស់នៅ ជាមួយ កូវីដ-១៩ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា ចូលជួប សម្ដែង ការ គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្រោយបញ្ចប់ជំនួបនេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ សម្ដេច តេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានថា ក្នុងជំនួប ឯកឧត្តម សាហ៊ីម បានគោរពថ្លែងអំណរគុណជូនសម្ដេចតេជោ ចំពោះការចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យឯកឧត្តម បាន ចូលជួបសំដែងការគួរសម ។ ឯកឧត្តមបានជម្រាបជូន សម្តេច តេជោថា ឯកឧត្តម ពិតជាមានកិត្តិយសណាស់ ដែលឯកឧត្តមបាន ធ្វើជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
រយៈពេលជាងមួយខែនៅកម្ពុជា ឯកឧត្តម សង្កេតឃើញថា ប្រទេស កម្ពុជា មានការអភិវឌ្ឍស្រស់ស្អាត ជាមួយនឹងប្រជាជនមានភាព រាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ។ ឯកឧត្តម សាហ៊ីម បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ប៉ាគីស្ថាន ចាត់ទុកកម្ពុជា ជាដៃគូសំខាន់ ក្នុងន័យនេះ បេសកកម្មរបស់ ឯកឧត្តម គឺបន្តសកម្មភាពដែលមានស្រាប់ផង និងធ្វើអ្វីគ្រប់បែប យ៉ាង ដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង២ ឱ្យឈានដល់កម្រិតថ្មីមួយទៀតផង ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការ ស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តម សាហ៊ីម ដែលទើបត្រូវ បាន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ បានស្វាគមន៍ផងដែរ នូវការ លើកឡើងរបស់ឯកឧត្តម សាហ៊ីម ហើយបានលើកទឹកចិត្ត ឲ្យឯកឧត្តម សាហ៊ីម ពិនិត្យមើលសក្ដានុពលផ្សេងៗទាំងឡាយ ដែលប្រទេសទាំងពីរអាចធ្វើបាន ក្នុងកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលមានសារៈសំខាន់ សម្រាប់ការបំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលទំនាក់ទំនង មាន វ័យចំណាស់រហូតដល់ទៅ ៧០ឆ្នាំក្នុងឆ្នាំនេះ ។

សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តម សាហ៊ីម ផងដែរថា ក្នុង ក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បាន ក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងគ្រាកំពុងរៀន រស់នៅជាមួយកូវីដ-១៩ ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បាន ថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់ អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយបានស្នើសុំឱ្យរដ្ឋាភិបាល ប៉ាគីស្ថាន បន្ត ផ្ដល់អាហារូបករណ៍ដល់កម្ពុជា តទៅទៀត ៕
ដោយ៖ វណ្ណលុក