លោកអភិបាលខេត្តបាត់ដំបង បានអំពាវនាវឲ្យមន្ត្រីសាធារណៈ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ រួមគ្នាចាត់វិធានការ និងបំផ្លាញចោលនូវផែនការទុច្ចរឹត របស់ ទណ្ដិត សម រង្ស៊ី

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងថា៖ រាល់ទម្រង់នៃការញុះញង់បំផុសបំផុលប្រមូលកម្លាំងប្រជាជន និងកម្លាំងប្រដាប់អាវុធដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត គឺជាសកម្មភាពខុសច្បាប់ និងប៉ះពាល់
ដល់សន្តិសុខរបស់រដ្ឋ។ ហើយដែលជាឧក្រឹដ្ឋកម្ម នឹងត្រូវផ្តន្ទាទោសធ្ងន់ធ្ងរបំផុត។ បើទោះបីជាផែនការនេះ ធ្វើឡើងក្នុងទម្រង់ជាអំពើរដ្ឋប្រហារក្តី ជាកុបកម្មក្តី និងជាបដិវត្តដោយហិង្សាក្តីឬអំណាចប្រជាជន តាមរយៈបដិវត្តន៍ព័ណ៌ក្តី។

ការថ្លែងលើកឡើងបែបនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលរដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០១៩) ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ គ្រប់លំដាប់ក្នុងខេត្ត ជាពិសេសមន្ត្រីរាជការស៊ីវិលកងកម្លាំងប្រដាបយអាវុធទាំង៣ប្រភេទ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយ៉ាងកុះករប្រមាណជាង០២ពាន់នាក់បានចូលនៅក្នុងអង្គមិទ្ទិញនោះ ដែលប្រព្រឹត្តទៅ នៅមុខ
សាលាខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងសង្កត់ធ្ងន់ទៀតថា៖ ការដណ្តើមអំណាចតាមវិធីផ្សេងៗ ក្រៅពីការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សគឺជាទង្វើខុសច្បាប់ ដែលតម្រូវឲ្យ អាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវតែមានវិធានការ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ជាទីបំផុត។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំពាវនាវដល់មន្ត្រីសាធារណៈ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងក្នុងការចាត់វិធានការណ៍នានា ដើម្បីបង្ការ ទប់ស្កាត់និងបំផ្លាញចោលនូវផែនការទុច្ចរឹតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដើម្បីសំដៅក្នុងការថែរក្សាឲ្យបាន នូវសុខសន្តិភាព ស្ថិរភាព និងភាពសុខក្សេមក្សាន្តរបស់ប្រទេសជាតិយើងបន្តទៀត និងអនុវត្តន៍នូវកិច្ចការបន្តមួយចំនួន ដោយបងប្អូនមិនត្រូវលង់ និងចាញ់បោកការឃោសនានូវល្បិចកលលួងលោមបោកបញ្ឆោតឲ្យទៅចូលរួមដោយមិនដឹងខ្លួនក្នុងការធ្វើរដ្ឋប្រហារ។

ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា និងត្រូវអប់រំណែនាំក្រុមគ្រួសារបងប្អូន ញាតិមិត្តឲ្យបានយល់ច្បាស់អំពីសកម្មភាព និងឧបាយកល ដ៏ពិសពុលរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក។ ក្នុងករណីមានបុគ្គលណា ប្រកាសគាំទ្រ ឬចូលរួមក្នុងផែនការក្បត់នេះ ត្រូវអប់រំណែនាំបុគ្គលនោះ ឲ្យចូលសារភាពឲ្យបានទាន់ពេលវេលា ដើម្បីចៀសរួចផុតពី
ការចោទប្រកាន់តាមផ្លូវច្បាប់។

ជាមួយគ្នានេះផងដែរ យើងត្រូវចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព សំដៅរួមគ្នាថែរក្សាសុខសន្តិភាពសុវត្ថិភាពនៅតាមមូលដ្ឋានភូមិឃុំ រៀងៗខ្លួន។ ត្រូវរួមកម្លាំងសាមគ្គី ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររបបប្រជាធិតេយ្យសេរីពហុបក្ស ការពារនូវសុខសន្តិភាព ស្ថេរភាពសង្គម ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាបន្តទៀត៕ធ.ដ

អត្ថបទ-រូបភាព៖ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner