រថយន្តម៉ាក រេង រ៉ូវើ បើកបុករថយន្ត ហាយឡែនឌ័រ ហើយព្យាយាមបើករត់ជ្រុលទៅបុក កង់បីឥណ្ឌាបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលា ម៉ោង០២និង និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញបង្កដោយរថយន្តម៉ាក Range Roverបានបើកបុករះរថយន្តហាយឡែនឌ័រមួយគ្រឿង ហើយព្យាយាមបើករត់គេចជ្រុលទៅបុកនឹងកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Range Roverមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-3339បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុខាងលើរថយន្តក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកគូថរថយន្តហាយឡែនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-0936ដែលម្ចាស់ចតស្ងៀមនៅខាងមុខផ្ទះពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កព្យាយាមបើករត់គេចបានប្រហែល៣០០មែត្រក៏ជ្រុលទៅបុកនឹងកង់បីឥណ្ឌាមួយគ្រឿងពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1GR-7796ទៀតដែលចតនៅចិញ្ចើមផ្លូវបណ្ដាលឲ្យម្ចាស់កង់បីឥណ្ឌារងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្កត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ឱ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុទំនាក់ទំនងទៅចរាចរណ៍ក្រុងមកធ្វើការវាស់វែងស្ទូច រថយន្តទាំងពីរ និងកង់បីឥណ្ឌាទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner