សាលារាជធានីភ្នំពេញ បានសម្រេចទទួលយកតាមគម្រោងគំរូប្លង់សាងសង់របស់ក្រុមហ៊ុន Space Media ក្នុងការសាងសង់ស្ពានអាកាសថ្មើរជើងនៅស្ដុបសន្ធរម៉ុក
នៅព្រឹកថ្ងៃទី១៤វិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងរបស់ក្រុមហ៊ុន Space Media ដែលជាកន្លែងមានភាពមមាញឹកឆ្លងកាត់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ។
ជាលទ្ធផលនៃអង្គប្រជុំបានសម្រេចទទួលយកតាមគម្រោងគំរូប្លង់សាងសង់របស់ក្រុមហ៊ុន Space Media ដោយតម្រូវឱ្យក្រុមហ៊ុនចុះសិក្សារួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ដើម្បីសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្លូវប្រសព្វជាបួន ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
នៅរាជធានីភ្នំពេញ ទើបនឹងមានស្ពានអាកាសថ្មើរជើង២ប៉ុណ្ណោះ គឺទី១នៅឆ្លងកាត់ផ្លូវជាតិលេខ៤ជិតសាលារៀនជម្ពូរវ័ន្ត និងទី២ ស្ពានអាកាសថ្មើជើងអូឡាំព្យា នៅរង្វង់មូលនាងគង្ហីង ជិតវត្តព្រះពុទ្ធ ខណ្ឌ៧មករា ៕ធ.ដ