ភ្ញៀវជាតិ-អន្តរជាតិ ចាប់អារម្មណ៍ចូលរួម ការរៀបចំអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនៅដងស្ទឹងប្រវត្តិសាស្រ្តខេត្តសៀមរាប
ការរៀបចំអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋក្នុងស្រុក និងមកពីបណ្តាខេត្តផ្សេងៗមួយចំនួនទៀត បានចូលរួមដ៏ច្រើនកុះករ ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា៖ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនៅខេត្តសៀមរាបឆ្នាំនេះទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង២៧ម៉ឺននាក់ ថយចុះ១៣.០៤% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណជាង២៥ម៉ឺននាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន២៦៥៧៧នាក់ ហើយភ្ញៀវទេសចរទាំងនេះបានទៅទស្សនាការប្រណាំងទូកនៅតាមបណ្តោយដងស្ទឹងសៀមរាប និងបានទៅទស្សនាតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាក្នុងខេត្តផងដែរ។
លោក បន្តថាៈ ថ្វីបើចំនួនភ្ញៀវទេសចរមានការថយចុះក្តី តែសេវាកម្មថ្លៃស្នាក់នៅ និងតម្លៃម្ហូបអាហារផ្សេងៗពុំមានការឡើងថ្លៃនោះទេ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថាៈ បងប្អូនប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ និងវត្តមានភ្ញៀវអន្តរជាតិចូលមកកម្សាន្តនៅឱកាសបុណ្យអុំទូកនេះ គឺបង្ហាញនូវភាពសប្បាយរីករាយកក់ក្តៅ នេះសបញ្ជាក់ឱ្យឃើញថាកម្ពុជាគឺកំពុងស្ថិតនៅក្រោមម្លប់សន្តិភាព នៃនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ផ្អែកលើកត្តាសន្តិភាព និងការអភិវឌ្ឍនៃប្រទេសជាតិ និងស្ថានភាពសេដ្ឋកិច្ចសង្គមបច្ចុប្បន្ន ដែលប្រជាពលរដ្ឋទទួលបានពីការដឹកនាំរបស់រាជរដ្ឋាភិបាល ការបំផុសចលនាទាក់ទាញភ្ញៀវជាតិ ក៏ជាគន្លឺះសំខាន់ មិនអាចមើលរំលងបាននោះទេ ។
ឯកឧត្តម អភិបាលខេត្តក៏បានបញ្ជាក់ផងដែរថាៈ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ប្រជាពលរដ្ឋខ្មែរយើងសុទ្ឋតែបានដឹងហើយថាពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំ ពាក់ព័ន្ធនឹងជំនឿយ៉ាងជ្រាលជ្រៅ ដែលបុព្វបុរសខែ្មរបានប្រារព្វធ្វើ និងបន្សល់ទុកតាំងពីយូរយារណាស់មកហើយ ដើម្បីជាការំលឹកដឹងគុណដល់ ព្រះគង្គារ ដែលហូរនាំដីល្បាប់ដ៏មានជីជាតិសម្រាប់បង្កបង្កើនផល នៃប្រជាកសិករយើង ហើយក៏ជារំលឹកដឹងគុណដល់ព្រះបរមគ្រូដែលយកកំណើតជាសត្វទន្សាយព្រះពោធិសត្វ ហើយឧទ្ទិសថ្វាយខ្លួន ដើម្បីសម្រេចនូវព្រះសម្មាសម្ពោធិញ្ញាណ ។
ជាមួយគ្នានេះដែរ ព្រះរាជពិធីបុណ្យបណ្តែតប្រទីប គឺជាការឧទ្ទិស រំលឹកដល់អារុក្ខ អារក្ស អ្នកតា បារមីថែរក្សាទឹកដី ដើម្បីសុំសេចក្តីសុខក្សេមក្សាន្តដល់កូនចៅ ដែលរស់នៅឲ្យទទួលបានសុខសុភមង្គលចម្រើនរុងរឿង ក្នុងការងារកសិកម្ម នៅឆ្នាំបន្ទាប់ផងដែរ៕ធ.ដ
ដោយ ស៊ាន សុផាត