អគ្គីភ័យដែលឆាបឆេះរោងចក្រផលិតទ្រនាប់សម្លៀកបំពាក់បាធា នៅខណ្ឌដង្កោ នៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ
ភ្នំពេញ ៖ ករណីអគ្គិភ័យដែលឆាបឆេះរោងចក្រទ្រនាប់សម្លៀកបំពាក់ បាធា មួយកន្លែងក្បែរផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ នៅតែបន្តឆេះយ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ តាំងពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកម៉ោងជិត៦ល្ងាចទៅហើយនៅមិនទាន់រលត់នោះទេ ។
យោងតាមភ្ងាក់ងារសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ អប្សរា ដែលចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ បានឆាបឆេះរោងចក្រអស់ជាច្រើនខ្នង ដោយមានអណ្តាតភ្លើងកំពុងឆេះជាខ្លាំង ព្រមទាំងផ្សែងហ៊ុយកប់អាកាសផងដែរ ស្របពេលនះសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញកំពុងតែបាញ់ទឹកយ៉ាងញាប់ដៃជើង ដោយប្រើប្រាស់ទឹកអស់ជាង៣០ឡានទៅហើយ នៅតែមិនទាន់រលត់វិញនោះទេ ។
ក្នុងករណីអគ្គីភ័យនេះ ពុំទាន់មានប្រភពច្បាស់ការណាមួយបញ្ចាក់ថា បណ្ដាលមកពីអ្វីនោះទេ ហើយក៏ពុំមានអ្នករងគ្រោះថ្នាក់ក្នុងហេតុការណ៍នោះដែរ ៕
ក្រុមការងារយើងខ្ញុំនិងបន្តតាមដាន និងផ្សាយជូនព័ត៌មានលំអិតនាពេលក្រោយបន្ថែមទៀត បើមានអ្វីប្លែក ។