អ្នកដឹកនាំក្រុមហ៊ុន ជីប ម៉ុង ប្តេជ្ញាថា បន្តវិនិយោគលើច្រើនវិស័យនៅកម្ពុជា ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ បច្ចុប្បន្នផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺជាផ្សារទំនើបបែបសហគមន៍ ដែលកំពុងបង្កើតចរន្តសេដ្ឋកិច្ច និងសោភ័ណភាពក្នុងតំបន់សែនសុខ ឱ្យក្លាយជាតំបន់ដែលមានសកម្មភាពពាណិជ្ជកម្មកាន់តែមមាញឹក និងទំនើប ដោយសារតែផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ប្រមូលផ្តុំដោយហាងម៉ាកយីហោល្បីៗ ដែលធ្វើឱ្យប្រជាពលរដ្ឋកំពុងទទួលបានបទពិសោធន៍ ក្នុងការរស់នៅកាន់តែងាយស្រួល និងទាន់សម័យបន្ថែមទៀត។

នេះជាប្រសាសន៍របស់អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ អ្នកឧកញ៉ាបន្តថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សាងសង់ឡើងក្នុងឆ្នាំ២០១៨ ហើយបន្តការសាងសង់រហូតដល់ចប់ជាស្ថាពរនៅចុងឆ្នាំ២០២១។ បើទោះបីជាមានវិបត្តិសកលកូវីដ-១៩ ក៏ក្រុមហ៊ុន ជីប ម៉ុង រីថែល រក្សាគោលជំហរ និងចក្ខុវិស័យយ៉ាងមុតមាំក្នុងការសម្រចការសាងសង់ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល យ៉ាងជោគជ័យ និងដំណើរការនៅខែមករា ឆ្នាំ២០២២។

អ្នកឧកញ៉ាបន្ថែមថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្នុងថ្ងៃនេះ គឺបង្ហាញពីការចូលរួមចំណែកឱ្យប្រទេសកម្ពុជារីកចំរើន តាមរយៈធ្វើឱ្យវិស័យលក់រាយមានភាពទំនើប ខណៈពេលតម្រូវការសម្ភារៈប្រើប្រាស់ ម្ហូបអាហារ ព្រមទាំងការកម្សាន្ត កំពុងតែកើនឡើងនៅក្នុងប្រទេស។

នាឱកាសនោះដែរ លោក អាណូត ឌូហ្វ្រេស (Arnaud Dufresne) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង រីថែល កំពុងតែបើកដំណើរការផ្សារ ជីប ម៉ុង ចំនួន ៩ និងគ្រោងពង្រីកប្រមាណ ៥០ទីតាំងបន្ថែមទៀតក្នុងរាជធានីភ្នំពេញនាពេលអនាគត។

យើងបានបង្កើតភោជនីយដ្ឋាន ព្រមទាំងកន្លែងកម្សាន្តដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដើម្បីផ្តល់ជម្រើស និងបទពិសោធន៍ជាច្រើនទៀតដល់អតិថិជន។ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គាំទ្រយ៉ាងខ្លាំងនូវផលិតផលដែលជាសិប្បកម្មក្នុងស្រុក រួមទាំងបន្លែ ផ្លែឈើសរីរាង្គដែលដាំដុះដោយកសិករខ្មែរ ដែលនេះគឺជាសកម្មភាពចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការផ្តល់ទីផ្សារផលិតផលខ្មែរ និងជួយជំរុញសេដ្ឋកិច្ចសហគ្រាសធុនតូចនិងមធ្យម។ ក្រៅពីនេះ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក៏ជួយគាំទ្រយ៉ាងខ្លាំងដល់សកម្មភាពជួយសង្គម តាមរយៈផ្តល់ទីតាំងរៀបចំកម្មវិធីជាច្រើន ជាក់ស្តែងគឺការរៀបចំកម្មវិធីពិពរ័ណ៍ផលិតផលខ្មែរ, ការគាំទ្រធនាគារជាតិនៃកម្ពុជាប្រារព្ធទិវាប្រាក់រៀលខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ និងកម្មវិធីសង្គមផ្សេងៗទៀតនាពេលអនាគត។

សូមបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល បែងចែកជា ៥ជាន់ គឺជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី៣ និងជាន់ទី៤ ដែលជាបណ្តុំហាងជាតិ និងអន្តរជាតិ មានបម្រើជូនសេវាកម្មទី១ ហាងអាហារនិងភេសជ្ជៈ, ទី២ ហាងសម្លៀកបំពាក់, ទី៣ កន្លែងកម្សាន្ត, និងទី៤ ហាងគ្រឿងអេឡិចត្រូនិក។ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មិនត្រឹមជាកន្លែងទិញទំនិញប៉ុណ្ណោះទេ តែក៏ជាកន្លែងជួបជុំពិភាក្សាការងារ ជាកន្លែងលម្ហែរអារម្មណ៍ និងជាកន្លែងពិសារអាហារសម្រាប់មនុស្សគ្រប់វ័យ រាប់តាំងពីកុមារ ដល់មនុស្សចាស់៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner