រដ្ឋមន្ត្រីការបរទេសកម្ពុជា និងប្រេសិតពិសេសអង្គការសហប្រជាជាតិប្ដេជ្ញារិះរកគ្រប់វិធី ដើម្បីសំដៅរក្សាផលប្រយោជន៍ជូនប្រទេសមីយ៉ាន់ម៉ាទាំងមូល 

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារជាមួយលោកស្រី Noeleen Heyzer ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំទើបតែទទួលជួបលោកស្រីបណ្ឌិត ណូលីន ហេហ្សឺរ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ាដោយផ្ទាល់នៅព្រឹកនេះក្រោយពីមានជំនួបប៉ុន្មានដងចុងក្រោយតាមរយៈប្រព័ន្ធវីដេអូ។ យើងទាំងពីរយល់ឃើញដូចគ្នាថា បញ្ហាមីយ៉ានម៉ានៅតែបន្តមានភាពស្មុគស្មាញ ដែលទាមទារស្មារតីបុរេសកម្មរបស់ភាគីមីយ៉ាន់ម៉ាដើម្បីពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ក្នុងនាមជាប្រេសិតពិសេស យើងប្ដេជ្ញាថានឹងរិះរកគ្រប់វិធីតាមដែលអាចទៅរួច ដើម្បីសម្រេចបេសកកម្ម និងគោលបំណងរបស់យើង ដែលជាការពិតណាស់ គឺសំដៅរក្សាផលប្រយោជន៍ជូនប្រទេសមីយ៉ាន់ម៉ាទាំងមូល”។

ជំនួបរវាងប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានធ្វើឡើងបន្ទាប់ពីប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានបានផ្តល់ព័ត៌មានជូនដល់បណ្តាអង្គទូត និងស្ថានតំណាងបរទេសប្រចាំនៅកម្ពុជា ស្តីពីដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តមទៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២  នៅទៅស្តីការក្រសួងការបរទេស។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកកាលពីល្ងាចថ្ងៃទី២៩ ខែមីនាកន្លងទៅថាឯកឧត្តមបានផ្តល់ព័ត៌មានជូនដល់បណ្តាអង្គទូត និងស្ថានតំណាងបរទេសប្រចាំនៅកម្ពុជា ស្តីពីដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំទៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ មិនខុសគ្នាពីសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុននៅពេលដែលខ្ញុំទើបត្រឡប់មកដល់កម្ពុជាវិញ ឯកឧត្តមបានផ្តល់នូវការវាយតម្លៃសង្ខេបលើបញ្ហានេះ និងទិសដៅអនាគតដែលយើងបានគ្រោងទុក។ យើងក៏កំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ឯកឧត្តមផ្ទាល់ ឬតំណាងរបស់ការិយាល័យប្រេសិតពិសេស ក្នុងស្មារតីជំរុញវឌ្ឍនភាពនៃការងារមួយនេះ”។

សូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទី១នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ក្នុងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។បេសកកម្មនេះត្រូវបានអមដំណើរដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម លឹម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន។

ទាក់ទងដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា គោលបំណងចម្បងនៃទស្សនកិច្ចនេះគឺដើម្បី (១) តាមដាននូវលទ្ធផលនៃដំណើរទស្សន-កិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ខែមករា ឆ្នាំ២០២២ (២) សម្របសម្រួលដល់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និង (៣) ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការក្នុងប្រទេសមីយ៉ាន់ម៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។ កិច្ចពិភាក្សាបានគ្របដណ្តប់លើស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា អាណត្តិ តួនាទី និងអាទិភាពរបស់ប្រេសិតពិសេស និងភាពចាំបាច់ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលក្នុងនោះរួមមានការកសាងភាពជឿជាក់ និងទំនុកចិត្ត កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ជូនដល់មីយ៉ាន់ម៉ា។ ប្រេសិតពិសេសបានអំពាវនាវឱ្យមានការអនុវត្តអាទិភាពចំនួនបីគឺការបញ្ឈប់អំពើហិង្សា ការបន្តផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា និងកិច្ចសន្ទនារវាងភាគីទាំងអស់៕

ដោយ៖ពល​ជ័យ

ads banner