គ.ជ.ប បំភ្លឺចំពោះការចោទប្រកាន់របស់គណបក្សឆន្ទៈខ្មែរ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានធ្វេីការបំភ្លឺចំពោះការចោទប្រកាន់របស់គណបក្សឆន្ទ:ខ្មែរ ពាក់ព័ន្ធការបេីកបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងលេខ ១៣៣ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាពីថ្ងៃទី២៩ ខែមីនាឆ្នាំ២០២២។
គ.ជ.ប បានបញ្ជក់ថា នៅមុនថ្ងៃបើកសវនាការ មន្ត្រី គ.ជ.ប បានយកលិខិតអញ្ជើញចូលរួមសវនាការប្រគល់ដល់ដៃតំណាងគណបក្សឆន្ទៈខ្មែរ តាមលិខិតផ្ទេរសិទ្ធិលេខ ០០១/២២ គ.ឆ.ខ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ របស់គណបក្សឆន្ទៈខ្មែរ គឺលោកស្រីកឹម វណ្ណា ហើយបេក្ខជនចំនួន ៨នាក់ទៀត ក៏បានទទួលលិខិតអញ្ជើញតាមរយៈអាជ្ញាធរដែនដីរួចហើយដែរ។ ទន្ទឹមនេះដើម្បីចៀសវាងការចោទប្រកាន់ថា មិនបានទទួលក្នុងការប្រគល់ទទួលលិខិតអញ្ជើញនេះក៏មានរូបថតនៃការប្រគល់ទទួលជាសម្អាងថែមទៀតផង។
ប៉ុន្តែគួរឱ្យសោកស្ដាយ នៅក្នុងថ្ងៃសវនាការ គ.ជ.ប ពុំឃើញមានវត្តមានតំណាងណាម្នាក់របស់គណបក្សឆន្ទៈខ្មែរ មកចូលរួមតាមការអញ្ជើញឡើយ។ ដូចនេះការលើកឡើងរបស់គណបក្សឆន្ទៈខ្មែរ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា មិនបានទទួលលិខិតអញ្ជើញចូលរួមសវនាការ គឺមិនត្រឹមតែពុំមែនជាការពិតប៉ុណ្ណោះទេ ថែមទាំងជាការមិនទទួលខុសត្រូវរបស់គណបក្សនេះតែម្ដង។
សេចក្ដីសម្រេចរបស់ គ.ជ.ប តាមរយៈអង្គសវនាការជាសាធារណៈថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានធ្វើឡើងដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់តាមបែបបទ និងនីតិវិធីសម្រាប់ការដោះស្រាយពាក្យបណ្ដឹងរបស់ គ.ជ.ប។
គ.ជ.ប សូមសំណូមពរ និងអំពាវនាវដល់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គោរព និងអនុវត្តឱ្យខាងតែបាននូវបញ្ញត្តិច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងសូមឱ្យមានការទទួលខុសត្រូវខ្ពស់៕
ដោយ៖ពលជ័យ
