សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣» នៅព្រឹកនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» នៅសណ្ឋាគារសុខាភ្នំពេញ ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានឱ្យដឹងថា «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» ត្រូវបានរៀបចំឡើងបន្តពី «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨» ដែលត្រូវបានចប់អាណត្តិកាលនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥នៃរដ្ឋសភាកន្លងទៅ។ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» ដែលជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចលើកទី៦ នេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដែលបានកើតមានឡើងដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នារៀបចំរបស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការចូលរួមសហការ និងផ្ដល់អនុសាសន៍ពីដៃគូអភិវឌ្ឍន៍ និងភាគីដែលមានចំណែកពាក់ព័ន្ធទាំងអស់តាមរយៈសិក្ខាសាលា ក៏ដូចជាអង្គប្រជុំនានាជាច្រើនលើកច្រើនសារនាពេលកន្លងមក។

«ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ និងចក្ខុវិស័យកម្ពុជា២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេសអភិវឌ្ឍន៍។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆាយ ថន បានបន្តថា «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» នេះ ត្រូវបានរៀបចំឡើងដើម្បីសម្រេចនូវវត្ថុបំណងសំខាន់ចំនួន៣រួមមាន៖

ទី១៖ ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ដផ.យ.អ.ជ. ២០១៤-២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះទាំងមូល ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨។

ទី២៖ ដើម្បីកំណត់នូវបណ្តាវិធានការគោលនយោបាយនានាដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្ដគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា តាមវិស័យ នៅក្នុងដំណាក់កាលនៃអាណត្តិ កាលរបស់ផែនការ ដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ (ប្រទេសអភិវឌ្ឍន៍) នៅឆ្នាំ២០៥០។

ទី៣៖ ដើម្បីដាក់ចេញនូវប្រព័ន្ធមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ នៃការអនុវត្ត «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» របស់ក្រសួង ស្ថាប័ននានា។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើងជា៧ជំពូក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner