តើកីឡាករជើងខ្លាំងកម្ពុជារូបណា ចូលរួមព្រឹត្តិការណ៍ស្តេចប្រដាល់អង្គរ នាថ្ងៃទី១០ ខែមេសា នៅសៀមរាប

ព្រឹត្តិការណ៍ស្តេចប្រដាល់អង្គរ មិត្តភាពអន្តរជាតិកម្ពុជា-ចិន លើកដំបូងនៅកម្ពុជា គ្រោងនឹងដំណើរការប្រកួត នៅខេត្តសៀមរាប នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ មានចំនួន១០គូ ក្នុងនោះគុនខ្មែរ២គូ និងប្រដាល់ឃីតបុកស៊ីងចំនួន៨គូ នេះបើយោងតាមការបញ្ជាក់ពី លោក ហេង សុខឃន អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានសហព័ន្ធកីឡាឃីតបុកស៊ីងកម្ពុជា ។

អគ្គលេខាធិការខាងលើ បានគូបញ្ជាក់ថា សមាសភាពកីឡាករកម្ពុជាទាំង១០រូបនោះ មាន ឈុត សេរីវ៉ាន់ថង វ៉ាន់ វឿន ប្រកួតជាមួយកីឡាករចិន ជាលក្ខណៈគុនខ្មែរលើប្រភេទទម្ងន់៥៧កីឡូក្រាម រីឯ៨រូបទៀត ប្រកួតជាមួយកីឡាករចិន ជាលក្ខណៈឃីតបុកស៊ីង មាន កីឡាករ ព្រុំ សំណាង ប្រកួត ទម្ងន់៨១គីឡូក្រាម ឈឿន ល្វៃ ទម្ងន់៧១គីឡូក្រាម ឡៅ ចន្រ្តា ទម្ងន់៧២គីឡូក្រាម ឡៅ ចិត្ត្រា ទម្ងន់៦៥ សូត វាស្នា ទម្ងន់៦០គីឡូក្រាម ផល សុភ័ណ្ឌ ទម្ងន់៦៥គីឡូក្រាម លន បញ្ញា ទម្ងន់៦៣គីឡូក្រាមកន្លះ និងកីឡាការិនី នៅ ស្រីពៅ ទម្ងន់៥២គីឡូក្រាម ។

អគ្គលេខាធិការរូបនេះ បានគូបញ្ជាក់ថា កីឡាករ កីឡាការិនីទាំង១០រូប ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ស្តេចប្រដាល់អង្គរនេះ គឺសុទ្ធសឹងជាជម្រើសជាតិទាំងគុនខ្មែរ និងឃីតបុកស៊ីង ដែលកំពុងហ្វឹកសម្រួចសមត្ថភាពត្រៀមចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម នាអំឡុងខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ។ លោក អះអាងថា ការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា-ចិនលើកដំបូងនេះ គឺជាការប្រកួតកំដៅសាច់ដុំ និងដកស្រង់បច្ចេកទេសប៉ុណ្ណោះ ដើម្បីវាស់ស្ទង់សមត្ថភាពអត្តពលិក មុនស៊ីហ្គេម នៅវៀតណាម ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស្តេចប្រដាល់អង្គរនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតឲ្យរៀបចំប្រកួតជារៀងរាល់ឆ្នាំ ដើម្បីជាការផ្សព្វផ្សាយកីឡាអត្តសញ្ញាណខ្មែរ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner