ឧត្តមមន្រ្តីកម្ពុជា ទទួលបន្ទុកសន្និសីទ ស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ជួបពីភាក្សាការងារជាមួយ នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន CICA

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងនៅរសៀលថ្ងៃទី០៦ មេសា ថា ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីរបស់កម្ពុជា ទទួលបន្ទុកសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (Conference on the Interaction and Confidence Building Measure in Asia-CICA) និងជាតំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Kairat SARYBAY នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន CICA នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខណៈដែលជំនួបនេះ ធ្វើឡើងស្របពេលជាមួយកិច្ចប្រជុំឧត្តមមន្រ្តី CICA និងការរៀបចំកិច្ចប្រជុំកំពូល CICA លើកទី៦ ឯកឧត្តម សុខ សូកេន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន CICA ក្នុងការរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីប្រកបដោយជោគជ័យ។

ឯកឧត្តម សុខ សូកេន បានរំលឹកឡើងវិញនូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណើរការ CICA ហើយបានសម្តែងការជឿជាក់ថា CICA គឺជាមូលដ្ឋានគ្រឹះមួយ និងជាវេទិកាពហុភាគីដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចសន្ទនានយោបាយ និងអន្តរសកម្មភាព ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ី។ ឯកឧត្តម ក៏បានអបអរសាទរដល់ CICA ក្នុងការសម្រេចបាននូវសមិទ្ធិផលមួយទៀត គឺការប្រារព្ធខួបលើកទី៣០ឆ្នាំ ក្នុងឆ្នាំនេះ ហើយបានចង្អុលបង្ហាញថា CICA មានភាពពាក់ព័ន្ធជាងពេលណាៗទាំងអស់ នៅខណៈពេលដែលមានភាពមិនប្រាកដប្រជានៃទិដ្ឋភាពអន្តរជាតិក្នុងពេលបច្ចុប្បន្ន។

ជាការឆ្លើយតប ឯកឧត្តម នាយកប្រតិបត្តិ បានថ្លែងអំណរគុណ ចំពោះការប្តេជ្ញាចិត្តដ៏សំខាន់របស់កម្ពុជាចំពោះដំណើរការ CICA ចាប់តាំងពីក្លាយជាសមាជិក CICA ក្នុងឆ្នាំ ២០១១មក។ ឯកឧត្តមនាយកប្រតិបត្តិ ក៏បានប្រគល់លិខិតអញ្ជើញផ្លូវការរបស់ ឯកឧត្តម Kassym-Jomart TOKAYEV ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន គោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង Nur-Sultan សាធារណរដ្ឋកាហ្សាក់ស្ថាន។

បន្ទាប់ពីជំនួបជាមួយ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមនាយកប្រតិបត្តិ ក៏មានជំនួបដោយឡែកជាមួយឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជាឥស្សរជនឆ្នើមកម្ពុជាសម្រាប់ CICA និងជំនួបជាមួយតំណាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាស្ថាប័នសិក្សាវិភាគតំណាងកម្ពុជា សម្រាប់វេទិកា Think Tank របស់ CICA ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner