ឯកឧត្តម តឹករ៉េត សំរេច ទទួលជួបលោក ឈីវ លូជុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group ដេីម្បីពិភាក្សាអំពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី
នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការគណ:រដ្ឋមន្ត្រី ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានទទួលជួបលោក ឈីវ លូជុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group និងសហការី ដេីម្បីពិភាក្សាអំពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ។

ភាគីទាំងពីរបានឯកភាពលេីសារសំខាន់នៃគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលនឹងជួយបង្កេីនចំនួនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប និងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រេីនថែមទៀត នៅពេលសាងសង់រួចនាពេលអនាគត។ ភាគីទាំងពីរបានពិភាក្សាលេីវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មី អនុវត្តដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ចុះបញ្ជីនៅកម្ពុជា របស់ក្រុមហ៊ុន Yunnan Investment Group។

លោក លីវ លូជុន បានបញ្ជាក់ថា ក្រុមហ៊ុនបានបញ្ចប់ការងារចាំបាច់ មួយចំនួនធំ នៅការដ្ឋានសាងសង់អាកាសយានដ្ឋាន ហេីយត្រៀមលក្ខណ:រួចរាល់សម្រាប់ការបេីកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ នាពេលខាងមុខ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខេត្តយូណាន ប្រទេសចិន និងសម្រាប់ការចាប់ផ្តេីមការងារសាងសង់ទ្រង់ទ្រាយធំ បន្ទាប់ពីការបេីកការដ្ឋាននេះ។

ឯកឧត្តម តឹករ៉េត សំរេច មានប្រសាសន៍ជំរុញ និងលេីកទឹកចិត្តឲ្យក្រុមហ៊ុនវិនិយោគបង្កេីនល្បឿនការងារសាងសង់ ឲ្យបានរួចរាល់តាមផែនការគ្រោងទុក ហេីយគណ:កម្មការត្រៀមលក្ខណ:រួចជាស្រេចផ្តល់ការគាំទ្រ និងកិច្ចសហការសម្របសម្រួលចាំបាច់នានា ដេីម្បីជួយដល់ការអនុវត្តគម្រោងដ៏មានសារសំខាន់នេះ។

លោក ឈីវ លូជុន បានឯកភាពជំរុញការអនុវត្តគម្រោងឲ្យបានលឿន និងបានថ្លែងអំណរគុណឯកឧត្តម តឹករ៉េត សំរេច និងគណ:កម្មការតម្រង់ទិស ដែលតែងតែផ្តល់ការគាំទ្រ និងជួយសម្របសម្រួលការងារអនុវត្តគម្រោងឲ្យបានរលូនជារៀងរហូតមក៕ធ.ដ

