ឯកឧត្តម អៀង មូលី អញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ លើកទី២ ឆ្នាំ២០១៩
នៅសាលប្រជុំ វិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ បានរៀបចំនូវកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

កិច្ចប្រជុំមានគោលបំណង ពិនិត្យបច្ចុប្បន្នភាពនៃស្ថានភាពឆ្លងរាលដាលនៃមេរោគអេដស៍ នៅក្នុងឆមាសទី២ ឆ្នាំ២០១៩ និង ពិនិត្យមើលនូវលទ្ធផលការងារប្រយុទ្ធនឹងជំងឺអេដស៍ ដែលសម្រេចបានក្នុង ឆមាស។ កិច្ចប្រជុំពេញអង្គក៏បានពិភាក្សា សម្រេចដាក់ចេញទិសដៅគោលនយោបាយពហុវិស័យ ប្រយុទ្ធនឹងជំងឺអេដស៍ សំរាប់ឆមាសទី១សំរាប់ឆ្នាំ២០២០ខាងមុខ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានក្រើនរំលឹកកិច្ចប្រជុំពេញអង្គថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅសូន្យបី គឺ “គ្មានការឆ្លងមេរោគអេដស៍ថ្មី” “គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍” និង “គ្មានការស្លាប់ដោយសារជំងឺអេដស៍” នៅត្រឹមឆ្នាំ២០២៥។
បន្ទាប់ពីបានស្តាប់របាយការណ៍ បទបង្ហាញ និងក្រោយពីបានពិភាក្សាផ្លាស់ប្តូរមតិយោបល់ រួចមក កិច្ចប្រជុំពេញអង្គបានអនុម័តដូចខាងក្រោម៖

ទី១ : ការអនុម័តជាគោលការណ៍នូវរបាយការណ៍វឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផលក្នុង ការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ រយៈពេល៦ខែចុងឆ្នាំ២០១៩។
ទី២ : ការអនុម័តជាគោលការណ៍នូវ ផែនការយុទ្ធសាស្រ្តទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០១៩-២០២៣។
ទី៣ : ការបន្តជំរុញឱ្យមានវឌ្ឍនភាព និងការបន្តការអនុវត្ត “សេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស” ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីវិធានការទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
ទី៤ : ការអនុម័ត សេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៩ សម្រាប់បន្តអនុវត្តក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍ ឆ្ពោះទៅសម្រេចបាននូវគោលដៅ៩៥-៩៥-៩៥ នាឆ្នាំ២០២៥។

ជាមួយលទ្ធផលទទួលបានគួរជាទីមោទនៈនាពេលកន្លងមកនេះ កិច្ចប្រជុំពេញអង្គបានចូលរួមអបអរសាទរចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងផែនការ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញឱ្យមានកិច្ចប្រជុំសម្របសម្រួលនានា និងចូលរួមចំណែកប្រតិបត្តិ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលបានចែងក្នុង“សេចក្តីជូនដំណឹងលេខ២១៣ សជណ.សស”ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីវិធានការទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ មកទល់ពេលនេះ យើងទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តអំពាវនាវ ស្នើសុំបងប្អូនជនរួមជាតិគ្រប់ស្រទាប់ ការពារខ្លួន ទទួលខុសត្រូវខ្លួនឯងជាចំបង កុំឲ្យឆ្លងមេរោគអេដស៍ និង កាត់ផ្តាច់ការចម្លងមេរោគអេដស៍ ទៅសមាជិកក្រុមគ្រួសារ ឬអ្នកដែលខ្លួនមានសម្ព័ន្ធភាពផ្លូវភេទ ដោយប្រើប្រាស់ស្រោមអនាម័យឲ្យបានជាប់លាប់ និងត្រឹមត្រូវ ទៅធ្វើពិនិត្យឈាមរកមេរោគអេដស៍បើសិនសង្ស័យថាបានប្រឈមឆ្លងមេរោគ។ កុំបាក់ទឹកចិត្ត ប្រសិនលទ្ធផលពិនិត្យឈាមវិជ្ជមាន បញ្ជាក់ថា ខ្លួនបានជ្រុលឆ្លងមេរោគអេដស៍ សូមឆាប់ទៅទទួលសេវាព្យាបាលភ្លាមៗ តាមការណែនាំ របស់គ្រូពេទ្យ ៕ធ.ដ


