រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពី “ការសម្លាប់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន”
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ និងបញ្ចៀស ឱ្យបាននូវរាល់ការវាយប្រយុទ្ធគ្នា និងគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យបើកការស៊ើបអង្កេតជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តអំពើសាហាវ ឃោរឃៅប្រឆាំងជនស៊ីវិលស្លូតត្រង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នេះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពី “ការសម្លាប់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន” មានចំនួន ៥ចំណុចរួមមានៈ
ទី១. យើងរដ្ឋមន្ត្រីការបរទេសអាស៊ាន សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះប្រជាជនអ៊ុយក្រែន ស្ដីពីរបាយការណ៍នៃការសម្លាប់ ជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន។ យើងទាំងអស់គ្នាសូមកាន់ទុក្ខជាមួយក្រុមគ្រួសារសាច់ញាតិ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ ពួកគេនៅក្នុងជម្លោះ។
ទី២. យើងគាំទ្រការអំពាវនាវរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យបើកការស៊ើបអង្កេតជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តអំពើសាហាវ ឃោរឃៅប្រឆាំងជនស៊ីវិលស្លូតត្រង់ ក្នុងនោះរួមមានទាំងក្នុងទីក្រុងប៊ូចា ដើម្បីទប់ស្កាត់កុំឱ្យរឿងបែបនេះកើតឡើងច្រំដែល និងដើម្បីយុត្តិធម៌។
ទី៣. យើងក៏សូមសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់នៃច្រកផ្លូវមនុស្សធម៌ ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាពទៅកាន់ប្រទេសអ៊ុយក្រែន។
ទី៤. យើងសូមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ និងបញ្ចៀស ឱ្យបាននូវរាល់ការវាយប្រយុទ្ធគ្នា ហើយខ្នះខ្នែងបិទបញ្ចប់ មិនមែនធ្វើឱ្យជម្លោះកាន់តែរីកធំ និងការបង្ហូរឈាមគ្នានោះទេ។
ទី៥. យើងសូមបញ្ជាក់ឡើងវិញពីការអំពាវនាវរបស់យើង ឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយបន្តកិច្ចសន្ទនានយោបាយគ្រប់ជ្រុងជ្រោយ ដែលនឹងនាំទៅរកសន្តិភាពជាចីរភាពនៅក្នុងប្រទេសអ៊ុយក្រែន។
សូមបញ្ជាក់ថា ទាហានរុស្ស៊ីបានរងការចោទប្រកាន់ថា បានសម្លាប់ជនស៊ីវិលប្រមាណ៤០០នាក់ ខណៈពួកគេចាកចេញពីក្រុងប៊ូចា នៅជិតរដ្ឋធានីកៀវ។ លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបភាព នៃជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងទីក្រុងប៊ូចា និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយ៕
ដោយ៖ពលជ័យ
