អាជ្ញាធរភ្នំពេញកំពុងមមាញឹកពង្រាយបង្គន់អនាម័យជិត៦០០បង្គន់ លើសឆ្នាំកន្លងទៅជិត១០០បង្គន់ សម្រាប់ទទួលប្រជាពលរដ្ឋចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងមមាញឹក ក្នុងផែនការតុបតែង កែលម្អ លាប កំបោរតាមគល់ឈើ ខឿនចិញ្ចើមផ្លូវ និងសួនច្បារ លាបគុំនូសចរាចរណ៍ តុបតែងអំពូលភ្លើងតាមដើមឈើ តាមបង្គោលភ្លើង តម្លើងរបារកាត់ទទឹងផ្លូវចំនួន៤ លាងសម្អាត និងពង្រាយបង្គន់អនាម័យជិត៦០០បង្គន់ ដើម្បីត្រៀមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យជាតិធំៗ ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅបន្តបន្ទាប់គ្នានេះ ។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា អនុវត្តតាមការណែនាំពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងរៀបគំនូសចរាចរណ៍លើផ្លូវស៊ីសុវត្ថិ ពីស្ពានមកដល់រង្វង់មូលសម្ដេចជូណាត លើផ្លូវសុធារស លើផ្លូវសង្ខាងសួនច្បារសម្តេចហ៊ុន សែន រង្វល់មូលសម្តេចសង្ឃជួនណាត និងផ្លូវព្រះនរោត្តម លាបគំនូសចរាចណ៍ និងលាបកំបោរជុំវិញវត្តភ្នំ ផ្លូវសុរាម្រឹត ព្រះសីហនុនិងកន្លែសប្បាយភាពនៅក្នុងខណ្ឌដូនពេញ រួមទាំងស្ពានជ្រោយចង្វារ និងផ្លូវកែវពេជ្រចិន្តាផងដែរ ។

លោកបន្តថា ចំពោះការតុបតែងមានច្រើន ដូចជាការតុបតែងភ្លើង ដោយយើងចាប់ជាព័ន្ធរួម ដូចជាការតុបតែងភ្លើង សួនវិមានឯករាជ្យ តាមផ្លូវព្រះនរោត្តម សួនមាត់ទន្លេ តាមដើមស្លាយក្ស លើនៅរមនីយដ្ឋានវត្តភ្នំ សួនមុខវិមានសន្តិភាព មុខអតីតប៉ុស្តិ៍លេខ៣ និងសួនស្ពានជ្រោយចង្វារ លាបកំបោរតាមគល់ឈើ នៅតាមផ្លូវព្រះនរោត្ដម ផ្លូវព្រះសីហនុ មាត់ទន្លេ ជាមួយ និងការរៀបចំរៀបជាក្រានីតកាត់ស្មៅ ដែលការងារនេះយើងបាន និងកំពុងធ្វើ ហើយការជួសជុលផ្លូវសំបុកមាន់យើងក៏បាន និងកំពុងអនុវត្កនៅក្នុងខណ្ឌដូនពេញ។

លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា ក្នុងពេលនេះមន្ទីរកំពុងរៀបចំឈូសឆាយ ដីនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដើម្បីធ្វើរោងសម្រាប់ស្នាក់នៅឲ្យកីឡាករអុំទូក និងការ រៀបចំបង្គន់អនាម័យនៅទីនោះ ចំនួន៥៦០បង្គន់ ក្នុងនោះមានបង្គន់ជីកចំនួន៣០០និង បង្គន់ចល័តចំនូន២៦០បង្គន់ ច្រើនជាឆ្នាំកន្លងទៅជិត១០០បង្គន់ ។ លោក ជា សុវណ្ណ ប្រធានការិយាល័យបំភ្លឺសាធារណៈនិងភ្លើងសញ្ញាសារាចរណ៍នៃមន្ទីរ សាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញបានបំពាក់អំពូលភ្លើងចម្រុះ ពណ៌ថ្មីៗប្រមាណជាង១ម៉ឺន២ពាន់អំពូល ដើម្បីលម្អនាពេលរាត្រីនៃព្រះរាជពិធីបុណ្យអុំទូក ជួយឲ្យរាជធានីភ្នំពេញ កាន់តែមានសោភ័ណភាពស្រស់ស្អាតសម្រាប់បង្អួតប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត នៅរាជធានីភ្នំពេញ។

លោក បញ្ជាក់ថា ទីតំាងដែលត្រូវបំពាក់អំពូលភ្លើងថ្មីៗចម្រុះពណ៌នេះ មានដូចជា នៅជុំវិញបរិវេណកន្លែងប្រារព្ធពិធីបុណ្យអុំទូកមុខព្រះបរមរាជវំាង នៅមហាវិថីព្រះនរោត្តម មុខទីស្តីការគណៈរដ្ឋមន្រ្តី រហូតដល់មហាវិថីព្រះមុន្នីវង្ស នៅស្ពានជ្រោយចង្វាមិត្តភាពកម្ពុជា-ចិន និងស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា ជប៉ុន តំបន់សួនច្បារជ្រោយចង្វារ និងតំបន់សួនច្បារឯករាជ្យ។

សូមរំលឹកថា ជារៀងរាល់ឆ្នាំនៅក្នុងព្រះរាជពិធីបុណ្យអុំទូក រដ្ឋបាលរាជធានីភ្នំពេញ តែងតែរៀបចំតុបតែងកែលម្អសោភ័ណភាពទីក្រុងយ៉ាងស្រស់ស្អាត ដោយមានប្រជាពលរដ្ឋប្រមាណជាង៣លាននាក់ ដែលបានចូលរួមកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner