ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកជាម្ចាស់នៃភោគជ័យ និងទ្រព្យសម្បត្តិយ៉ាងមហាសាល ប៉ុន្តែសូមព្យាយាមធ្វើការដោយសមទ្ធភាពផ្ទាល់ខ្លួន ហើយការស្នើសុំយោបល់របស់អ្នកដទៃគឺមិនល្អនោះទេ។ ក្រៅពីនេះ នៅថ្ងៃនេះលោកអ្នកអាចមានជម្លោះកើតឡើងនៅក្នុងក្រុមការងារ ដូច្នេះសូមធ្វើការពិភាក្សារកដំណោះស្រាយឲ្យបានល្អ។ អ្វីៗក្នុងថ្ងៃនេះនឹងមានមង្គលទាំងអស់ ដូច្នេះលោកអ្នកអាចធ្វើអ្វីក៏បាន ដោយគ្មានជំទាស់       ឡើយ។ ការធ្វើទំនាក់ទំនង និងធ្វើការជាក្រុមនឹងផ្តល់នូវជំហរដ៏រឹងមាំដល់អ្នក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មផ្សេងៗនឹងសម្រេចផលយ៉ាងប្រសើរបំផុត។ លាភសំណាងធំនឹងនាំមកអ្នកដោយមនុស្សជិតស្និទ្ធ ដូច្នេះសូមមានចិត្តល្អ និងរក្សាសេចក្តីស្មោះត្រង់ ដើម្បីកុំឲ្យកាត់លាភ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងចោមរោមរាប់អាន ហើយពាក្យសំដីរបស់អ្នកក៏អាចឲ្យមនុស្សជាច្រើនជឿទុកចិត្ត ដូច្នេះលោកអ្នកអាចនិយាយកិច្ចការងារនានាបានដោយជោគជ័យ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈស្ថិតនៅតាមគន្លងផ្លូវឆ្ងាយ សូមព្យាយាមបន្ថែម និងកុំបាក់ទឹកចិត្ត។ សូមប្រយ័ត្នចាញ់បោកគេ មនុស្សដែលមកពីឆ្ងាយ ទោះស្គាល់តិចតួចក្តី ក៏មិនគួរជឿទុកចិត្តដែរ។ សូមធ្វើការពិភាក្សានឹងមនុស្សដែលជិតស្និទ្ធនឹងអ្នក ព្រោះគេអាចជួយជ្រោមជ្រែងអ្នកបាន។ ថ្ងៃនេះសូមព្យាយាមបំពេញការងារឲ្យបានល្អដោយឈរលើគំនិត និងបទពិសោធន៍របស់ខ្លួន។ ក្រៅនេះនេះវេលានេះលោកអ្នកស្វែងរកដំណោះស្រាយបានល្អ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លេខសំណាងរបស់អ្នកឡើងខ្ពស់ណាស់ ដូច្នេះបើអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេចទាំងអស់។ លាភសំណាងនឹងចូលក្នុងផ្ទះដោយមនុស្សមនុស្សវ័យក្មេង ប៉ុន្តែសូមរក្សាលាភនេះដោយត្រូវចេះចែករំលែក និងមានចិត្ត           សណ្តោស។ ការលក់ចេញទិញចូលអចលនទ្រព្យនានាអាចធ្វើទៅបាន ដោយទទួលផលយ៉ាងប្រសើរណាស់។ លោកអ្នកអាចសុំកិច្ចពិភាក្សាបាន ហើយការធ្វើការជាក្រុម និងជួយឲ្យអ្នកបានចម្រើនកាន់តែខ្លាំង។  ថ្ងៃនេះសូមព្យាយាមថ្លឹងថ្លែងការងារ និងសុខភាព។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ ​និងអាជីវកម្មមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅថ្ងៃនេះលោកអ្នកអាចមានជម្លោះខ្លះកើតឡើងដែលនឹងរំខានភាពជោគជ័យរបស់អ្នក។ សូមលោកអ្នកចាប់យកឳកាសល្អក្នុងថ្ងៃនេះដើម្បីទំនាក់ទំនងកិច្ចការងារដែលអ្នកគ្រោងទុក ហើយសូមកុំស្ទាក់ស្ទើរចំពោះហេតុការណ៍អ្វីឡើយ ពីព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយស្រួល។ ដោយឡែកសូមកុំពាក់ព័ន្ធនឹងជម្លោះ ឬបញ្ហារបស់អ្នកដទៃ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងាររបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរណាស់។ ប៉ុន្តែលោកអ្នកត្រូវព្យាយាមធ្វើការជានិច្ចកុំបង្អង់ឡើយ ពីព្រោះភាពជោគជ័យរបស់អ្នកស្ថិតនៅរវាងចន្លោះកណ្តាលនឹងហានិភ័យ។ ទន្ទឹមនឹងនេះសូមកុំធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។ ពេលខ្លះលោកអ្នកអាចគ្មានអារម្មណ៍ហ្នឹងហ្ន៎ ដូច្នេះសូមគ្រប់គ្រងអារម្មណ៍ ព្រមទាំងការសម្រេចចិត្តផងដែរ។ ម្យ៉ាងទៀតសូមកុំចូលទៅពាក់ព័ន្ធនឹងបញ្ហានានាឡើយ ហើយអាកប្បកិរិយារឹងរូស និងសំដីទ្រគោះបោះបោក គឺមិនត្រូវនិយាយឡើយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហាបានគ្រប់យ៉ាង ពិសេសអាចធ្វើទំនាក់ទំនងល្អជាមួយមនុស្សក្នុងក្រុមការងារ និងថ្នាក់លើផងដែរ។ ថ្ងៃនេះរាល់គំនិតយោបល់របស់លោកអ្នកគឺទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដូច្នេះសូមធ្វើយ៉ាងណារក្សា និងទាញយកផលប្រយោជន៍នៅក្នុងពេលនេះ។ ​ចំពោះបញ្ហាតូចតាចដែលនឹងអាចកើតមាន សូមកុំមានការព្រួយបារម្ភឡើយ ពីព្រោះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយបាន។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺគ្មានអ្វីដែលលោកអ្នកមិនអាចធ្វើបាននោះទេ ដូច្នេះសូមចាប់ផ្តើមថ្ងៃល្អរបស់អ្នកតាំងពីព្រលឹម។ សូមជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យ ដែលស្ថិតនៅប្រកៀកនឹងអ្នក ប៉ុន្តែសូមធ្វើយ៉ាងណាឲ្យមានភាពច្បាស់លាស់ចំពោះការងារតែមួយមុខទើបប្រសើរ។ សូមរក្សាគោលបំណងរបស់អ្នកឲ្យបានខ្ជាប់ខ្ជួន ពីព្រោះការផ្លាស់ប្តូរ ឬមិនប្រាកដអាចនាំផលលំបាកដល់ភាពជោគជ័យក្នុងថ្ងៃនេះ។ សូមរក្សាអាកប្បកិរិយា និងព្រមទទួលនូវការណែនាំពីអ្នកដទៃ ពិសេសមិត្តក្នុងក្រុមការងារ។

ឆ្នាំវក                                 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកកំពុងចម្រើនទៅមុខ និងមានជំនួយពីមនុស្សនៅក្បែរ ដូច្នេះសូមធ្វើការងារដោយភាពម៉ត់ចត់។ ថ្ងៃនេះលោកអ្នកអាចទទួលបានកិច្ចការងារថ្មី ឬដំណើរទស្សនកិច្ចការងារដែលមិនរំពឹងទុក។  លើសពីនេះ ជាការល្អប្រសើរខ្លាំងណាស់ដែលថ្ងៃនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតពិចារណា​ និងសម្រេចចិត្តចំពោះការងារនានា។ សូមត្រៀមខ្លួនបន្ថែមសម្រាប់ការងារផ្លូវឆ្ងាយនៅខែក្រោយផងដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅពេលវេលានេះកិច្ចការងារនានាហាក់មានភាពអសកម្ម និងស្មុគ្រសា្មញតិចតួចដែលបង្អាក់គោលដៅរបស់អ្នក។ ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំដាក់កំរិតលើខ្លួនពេក ហើយធ្វើយ៉ាងណាបំភ្លេចភាពបរាជ័យចោល ដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ ប៉ុន្តែអ្នកគួរប្រើប្រាស់កំហុសនោះជាមេរៀនទើបជាការល្អប្រសើរ។ លោកអ្នកគួរហ៊ានសម្រេចចិត្តផ្លាស់ប្តូរការងារ​ ឬមុខរបរ ពីព្រោះសញ្ញាណនៃឳកាសជោគជ័យមាននៅខាងមុខ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាល្អបំផុតសម្រាប់ដោះស្រាយបញ្ហាផ្សេងៗរបស់ការងារ ហើយក្នុងពេលឆាប់ៗនេះអ្នកអាចនឹងទទួលដំណឹងល្អទាក់ទងនឹងតំណែងការងារ ភាពរីកចម្រើនការងារធំសម្រាប់គម្រោងការងាររបស់អ្នក។ ក៏ប៉ុន្តែសូមរៀបចំជាស្រេចចំពោះការឆ្លើយតបរាល់បញ្ហាដែលកើតឡើងឲ្យបានល្អ។ ចូរគ្រប់ គ្រងពាក្យសំដី និងកុំជជែកវែកញែកច្រើន ពិសេសប្រធានបទដែលប៉ះពាល់ដល់ផលប្រយោជ៍អ្នកដទៃ។ សូមរក្សាស្ងៀមស្ងាត់ទើបប្រសើរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត មិនតែប៉ុណ្ណោះ លោកអ្នកមានលទ្ធភាពដោះស្រាយរាល់បញ្ហាចំពោះមុខ។ ក្នុងថ្ងៃនេះអ្វីដែលចាំបាច់បំផុតសម្រាប់អ្នកគឺការជឿជាក់លើខ្លួនឯងនៅគ្រប់កាលទេស។ លោកអ្នកអាចទទួលគំនិតយោបល់អ្នកដទៃបាន តែត្រូវចេះពិចារណា។ លោកអ្នកគួរប្រុងប្រយ័ត្នចំពោះហានិភ័យផ្នែកសេដ្ឋកិច្ច ដូច្នេះបើអ្នកមានលទ្ធភាពរៀបចំគ្រប់គ្រងលុយកាក់។ ក្នុងនោះដែរ សូមចងចាំថា ភាពជោគជ័យរបស់អ្នកតែងតែផ្សារភ្ជាប់នឹងការខំប្រឹងប្រែង។

ចំណាំ៖

ឆ្នាំទាំង៨ ជូត ឆ្លូវ ថោះ រោង មមី មមែ ចកុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃមង្គល របស់លោកអ្នក។ រាល់បំណងប្រាថ្នាទាំងអស់នឹងបានសម្រេច។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner