ឆក់ខ្សែកសម្រេច នៅខណ្ឌចំការមន បែរមកជាប់ខ្នោះនគរបាលម្នាក់ នៅខណ្ឌដូនពេញ ខណៈបក្ខពួកម្នាក់ទៀតរត់គេចខ្លួន
(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈបក្ខពួកម្នាក់ទៀត កំពុងតែរត់គេចខ្លួន ដោយយោងតាមពាក្យបណ្ដឹង និងកាមេរ៉ាបញ្ជាក់ច្បាស់ ក្រោយពីពួកគេធ្វើសកម្មភាពឆក់ខ្សែ កបានសម្រេច ពីមិត្តស្រីរបស់ជនជាតិអង់គ្លេស ដែលបើកម៉ូតូឌុបគ្នា២នាក់ តាមដងផ្លូវសាធារណៈ បណ្ដាលឲ្យដួលរងរបួស។
ថ្លែងប្រាប់ភ្នាក់ងារទូរទស្សន៍អប្សរា លោក ហាស់ កំសាន្ដ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ចំពោះការតាមស៉ើបអង្កេតឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលធ្វើសកម្មភាពឆក់ខ្សែ កបានសម្រេចនេះ អនុវត្តឡើងនៅត្រង់ចំណុចខាងមុខហាងយីហោ OBAMA ស្ថិតនៅផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង២២៖០០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹង និងកាមេរ៉ារបស់ជនរងគ្រោះបញ្ជាក់យ៉ាងច្បាស់ កម្លាំងការិយាល័យជុំនាញ បានឈានទៅបើកការស្រាវជ្រាវ កំណត់មុខសញ្ញាដើម្បីឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ និងកំពុងបន្តតាមស្វែងរកចាប់ខ្លួនបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (ឆក់ខ្សែក) នៅចំណុចខាងមុខផ្ទះលេខ៣០ ផ្លូវលេខ៤៣០ ក្រុម៩ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។
លោកនាយការិយាល័យដដែលនេះបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានក្នុងសកម្មភាពឆក់ខ្សែកនេះឈ្មោះ មាស គឹមវ៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវលេខ១០៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ឯជនរងគ្រោះឈ្មោះ ផល់ ភារ៉ា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៣២បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទោះបីយ៉ាងណា ជនសង្ស័យប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (ឆក់ខ្សែក) ម្នាក់ដែលឃាត់ខ្លួន ក្នុងចំណោមបក្ខពួក២នាក់ បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕ ដោយ ហាស់ កំសាន្ដ