មនុស្សជំនិតប្រធានាធិបតីរុស្ស៊ី ថ្មីៗនេះបានព្រមានថា ប្រសិនបើប្រទេសស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកសម្ព័ន្ធភាពយោធាលោកខាងលិចណាតូ នោះរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាការឆ្លើយតប

អត្ថបទដោយ៖
AMS OneMinute

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin មានប្រសាសន៍ថា ហ្វាំងឡង់អាចនឹងធ្វើការសម្រេចចិត្តក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ធ្វើបែបនេះ រុស្ស៊ីនឹងពង្រឹងកម្លាំងទ័ពជើងគោក ជើងទឹក និងអាកាសរបស់ខ្លួននៅសមុទ្របាល់តិច។ លោកក៏បានលើកពីការគំរាមកំហែងនុយក្លេអ៊ែរផងដែរ ដោយនិយាយថា មិនអាចមានការនិយាយអំពីតំបន់បាល់តិច “គ្មាននុយក្លេអ៊ែរ” ទៀតឡើយ ហើយតុល្យភាពត្រូវតែស្ដារឡើងវិញ។

លោក Dmitry Medvedev និយាយថា លោកសង្ឃឹមថាប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងភ្ញាក់ខ្លួនយល់ពីស្ថានការណ៍។ បើមិនដូច្នេះទេ ពួកគេនឹងត្រូវរស់នៅជាមួយអាវុធនុយក្លេអ៊ែរ និងមីស៊ីលល្បឿនលឿន តាំងនៅជាប់ព្រំដែនប្រទេសរបស់ពួកគេ។

ប្រភព៖ Reuters

ads banner